មូលនិធិ SDF ផ្តល់ថវិកាជាង១៤លានដុល្លារដល់រោងចក្រ-សហគ្រាស សម្រាប់គម្រោងអភិវឌ្ឍន៍ជំនាញបន្ថែម
ភ្នំពេញ៖ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣នេះមូលនិធិអភិវឌ្ឈន៍ជំនាញ (SDF) បានផ្តល់ថវិកាបដិភាគលើគម្រោងបណ្តុះបណ្តាលជំនាញប្រមាណ១១១គម្រោង គិតជាទឹកប្រាក់សរុបជាង ១៤លានដុល្លារ ដោយទទួលបានសិក្ខាកាមចំនួន ១៤៤០៩នាក់ (ស្ត្រី ៣៦%)។
បើតាមទិន្នន័យរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ពីបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣នេះ SDF បានសហការជាមួយដៃគូចំនួន ៣៤៣ស្ថាប័ន ក្នុងនោះរួមមានរោងចក្រ-សហគ្រាសចំនួន២៨៨ សមាគមពាណិជ្ជកម្មចំនួន១៥និងគ្រឹះស្ថានបណ្តុះបណ្តាញចំនួន៤០។
ក្នុងនោះ ក្រុមហ៊ុនឫទ្ធិពល ដែលជាស្ថាប័នបណ្តុះបណ្តាល«ចំណេះដឹងហិរញ្ញវត្ថុ»ក៏ទទួលបានថវិកាបដិភាគពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីអនុវត្តគម្រោងបណ្តុះបណ្តាលជំនាញចំនួន ២គម្រោងផងដែរ។ គម្រោងដែលបាននិងកំពុងអនុវត្តបច្ចុប្បន្ន គឺបណ្តុះបណ្តាលជំនាញលើគម្រោង៖«អភិវឌ្ឈសមត្ថភាពបុគ្គលិក» ដល់សិក្ខាកាមប្រមាណ១ពាន់នាក់ ដល់ដៃគូសហការជាមួយក្រុមហ៊ុន/សមាគមន៍ចំនួន៤ផ្សេងទៀត រួមមាន៖សហព័ន្ធសេវាអប់រំនៅកម្ពុជា, Kirirom Food Production, សហគមន៍សិប្បកម្មនិងសហគមន៍សណ្ឋាគារនិងភោជនីយ៍ដ្ឋាន ដែលចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ។
ចំណែកគម្រោងមួយទៀត ក្រុមហ៊ុនឫទ្ធិពល និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានរៀបចំកម្មវិធីបណ្តុះបណ្តាលដល់សហគ្រិនស្ត្រី ដោយផ្តោតសំខាន់លើប្រធានបទ៖«ចំណេះដឹងហិរញ្ញវត្ថុនិងសហគ្រិន» ដល់សមាជិករបស់CWEA ចំនួន ១០០នាក់ ដែលជាសហគ្រិន និងជាម្ចាស់អាជីវកម្ម ដែលបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ខែមេសា ឆ្នាំ២០២២ និងបញ្ចប់គម្រោងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ គម្រោងទី២ ដដែល ក្រុមហ៊ុនឫទ្ធិពល ក៏បានសហការជាមួយក្រុមហ៊ុនផលិតចំណីអាហារគីរីរម្យ ហ្វ៊ូតប្រូដាក់សិន (KFP) ផ្តល់វគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញក្រោមគម្រោង៖«រៀនដើម្បីការរស់នៅកាន់តែប្រសើរ»ដល់បុគ្គលិករបស់ក្រុមហ៊ុន KFP ចំនួន ៩០០នាក់ផងដែរបានចាប់ផ្តើមអនុវត្តគម្រោងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ និងបញ្ចប់គម្រោងនៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដើម្បីសាកល្បងយន្តការហិរញ្ញប្បទានថ្មីប្រកបដោយនវានុវត្តន៍និងលើកកម្ពស់ការអភិវឌ្ឍជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកបដោយចីរភាពនិងមានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចនិងបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្កើតការងារកាន់តែប្រសើរនិងទទួលបានប្រាក់បៀវត្សសមរម្យដល់ប្រជាជនកម្ពុជា។ បច្ចុប្បន្ន SDF ទទួលបានថវិកាពីរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ដូចជាធនាគារអភិឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ជាដើម។
ចក្ខុវិស័យរបស់ SDF គឺចង់ក្លាយជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុតក្នុងការអភិវឌ្ឍជំនាញដែលត្រូវនឹងតម្រូវការវិស័យឯកជនប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ ជាមួយគ្នានេះ SDF ក៏មានបេសកម្មក្នុងការជំរុញភាពជាដៃគូពិតប្រាកដរវាងឧស្សាហកម្មនិងគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍជំនាញផងដែរ៕