គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ ត្រូវបានលុបអាជ្ញាប័ណ្ណចេញពីធនាគារជាតិ
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញក្រាហ្វីកទិន្ន័យនៃការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទ ដើម្បីពង្រឹងវិស័យរបស់គ្រឹះស្ថានដែលផ្តល់កម្ចីហិរញ្ញវត្ថុទាំងនោះ។ CMA បានបញ្ជាក់ថាវត្តមានរបស់គ្រឹះស្ថានឥណទានជនបទទាំងនោះ បាននិងកំពុងរួមចំណែកផ្តល់សេវាឥណទានខ្នាតតូចនៅតាមតំបន់មូលដ្ឋានដើម្បីបំពេញតម្រូវការឥណទានទៅតាមប្រភេទអាជីវកម្មរបស់ប្រជាពលរដ្ឋ។
ការលុបឈ្មោះចេញពីបញ្ជីរបស់ធនាគារជាតិនៃកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៣ នូវគ្រឹះស្ថានឥណទានជនបទទាំង ១០៥ នេះ ត្រូវបានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថា ដើម្បីពង្រឹងការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ និងភាពរឹងមាំនៃវិស័យឥណទានជនបទ។
បើតាមក្រាហ្វីកដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានបង្ហាញដោយយោងតាមក្រាហ្វីកពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣នេះ គ្រឹះស្ថានឥណទានជនបទដែលទទួលបានវិញ្ញាបនបត្រពីធនាគារជាតិនៃកម្ពុជាបានផ្តល់ឥណទានដល់អតិថិជនសរុប ៨៤.២៣៦ គណនី ស្មើនឹង ១៧៧,៤ប៊ីលានរៀល (៤៣,៧ លានដុល្លារអាមេរិក) ដោយគិតត្រឹមគិតត្រឹមឆមាទី១នៃឆ្នាំ២០២៣៕