អ្នកលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អីនិងលក់ដូរចល័តនៅភ្នំពេញ មិនចាំបាច់បង់ភាស៊ីទៀតទេ
Posted by -
Phoung Somphors 
Published on -
4/11/2023 1:59 PM

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងការមិនយកថ្លៃភាស៊ី ចំពោះអ្នកលក់ដូរតាមកញ្ច្រែងកញ្ចើ ល្អី និងអ្នកលក់ដូរចល័តនៅរាជធានីភ្នំពេញ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បញ្ជាឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរលេខ១១ សរចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតកាលពីថ្ងៃទី០៣ ខែតុលានេះ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំចំនួន៤ចំណុចសំខាន់ៗ ដល់រដ្ឋបាលខណ្ឌ/សង្កាត់ គណៈកម្មការផ្សារក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ី និងអាជីវកម្មប្រមូលចំណូលអនាម័យ និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីពង្រឹង និងចៀសវាងមានជនឆ្លៀតឱកាសដើរប្រមូលប្រាក់ក្រោមរូបភាពប្រមូលភាស៊ីពីអ្នកលក់ដូរខាងលើ។

វិធានការណែនាំទាំង ៤ចំណុចនោះ រួមមាន៖ ទី១.អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តតាមសារាចរខាងលើ ឲ្យមានប្រសិទ្ធភាពក្នុងករណីមានបុគ្គលណាមួយបង្ខំឲ្យអាជីវករបង់ភាស៊ី ផ្ទុយពីការកំណត់របស់រដ្ឋត្រូវឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់។ រីឯ ទី២.ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ី និងប្រមូលចំណូលអនាម័យគ្រប់ប្រភេទដែលទទួលបានសិទ្ធិវិនិយោគស្របច្បាប់ ត្រូវអនុវត្តតាមសារាចរខាងលើដោយមិនត្រូវប្រមូលភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អីនិងលក់ដូរចល័តជាដាច់ខាត។ ក្នុងករណីមិនអនុវត្តតាមនឹងឈានដល់ការលុបសន្យាវិនិយោគជាមួយគ្នា។

ចំណែក ទី៣. អាជីវករលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អីនិងលក់ដូរចល័ត មិនត្រូវបង់ភាស៊ី ជូនភ្នាក់ងារប្រមូលភាស៊ី ឬជនខិលខូចណាមួយឡើយហើយត្រូវលក់ដូរតាមទីតាំងដែលអាជ្ញាធររៀបចំជូន ចៀសវាងការលក់ដូរតាមដងផ្លូវដែលនាំឲ្យប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាក់សាធារណៈ។ និង ទី៤ អាជីវករលក់ដូរតាមកញ្ច្រែងកញ្ចើ ល្អី និងលក់ដូរចល័ត អាចរាយការណ៍ជាបន្ទាន់មកអាជ្ញាធរដែលនៅជិតបំផុត ឬ Hotline ១២៩៩ ក្នុងករណីមានអ្នកបង្ខំឲ្យបង់ភាស៊ីផ្ទុយពីការកំណត់របស់រដ្ឋដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្កឲ្យបានទាន់ពេលវេលា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236