«អង្ករស្រូវសែនក្រអូប»កម្ពុជា ឈ្នះពានរង្វាន់មាសក្នុងចំណោមពូជស្រូវ ៦១ប្រភេទមកពីប្រទេសអាស៊ាននិងចិន
ភ្នំពេញ៖ អង្ករម៉ាកសមូហភាពSKO ដែលផលិតចេញពី«ពូជស្រូវសែនក្រអូប» បានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ក្នុងចំណោមពូជស្រូវទាំង៦១ប្រភេទដែលមកពីប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន កាលពីថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៣។
អង្ករពូជស្រូវសែនក្រអូប ដែលអង្ករម៉ាកសមូហភាព SKO បានឈ្នះពានរង្វាន់មាសនេះ ស្ថិតក្នុងចំណោមអង្ករទាំង៦១ប្រភេទ ដែលមាន១២ប្រភេទមកពីប្រទេសក្នុងតំបន់អាស៊ាន ហើយ ៥ប្រភេទ និង ៤៩ប្រភេទទៀត មកពីតំបន់ស្វយ័តនិងខេត្ត ដែលដាំដុះស្រូវនៅក្នុងប្រទេសចិន។ អង្ករពូជស្រូវសែនក្រអូបរបស់កម្ពុជា ដែលបានពានរង្វាន់មាសនេះត្រូវបានគណៈកម្មាធិការប្រកួតប្រជែងទទួលស្គាល់ថា ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់។
ពូជស្រូវសែនក្រអូប ជាមិនប្រកាន់រដូវក្នុងការដាំដុះនោះទេ ហើយប្រជាកសិកខ្មែរបានដាំដុះតាំងពីពាក់កណ្តាលទស្សវត្ស៩០មកម្ល៉េះ ខណៈដែលពូជស្រូវនេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅឆ្នាំ២០១៩ ក្រោមឈ្មោះថា សែនក្រអូប ០១។
ទន្ទឹមនឹងនេះ សហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវដល់កសិករឱ្យបន្តយកចិត្តទុកដាក់ដាំដុះនិងថែទាំ ប្រកបដោយគុណភាព ដើម្បីទទួលបាននូវទិន្នផលកាន់តែល្អ ខណៈដែលការទទួលបានពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារកាន់តែធំ៕