ទិវាសន្សំអាស៊ាន៖ លោកជំទាវ ឌិត នីតា ឱ្យពលរដ្ឋបន្តទម្លាប់សន្សំប្រាក់ ហើយសន្សំជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ចូលរួមក្នុងទិវាសន្សំអាស៊ានក្រោមប្រធានបទ៖«ទម្លាប់សន្សំប្រាក់ដើម្បីអ្នកនិងគ្រួសារអ្នក» ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា(NBC) កាលពីថ្ងៃទី៣១ ខែតុលា។ អនុប្រធានក្រុមប្រឹក្សាភិបាល CMA គឺលោកជំទាវ ឌិត នីតា បានលើកឡើងនៅក្នុងទិវានោះឱ្យសាធារណជនបន្តទម្លាប់សន្សំប្រាក់ ទោះតិចឬច្រើនក្តី ហើយត្រូវសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការដើម្បីចៀសផុតពីហានិភ័យផ្សេងៗ។
លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាលនៃ CMA បានមានប្រសាសន៍ថា ការសន្សំត្រូវចាប់ផ្តើមពីខ្លួនយើងនិងគ្រួសាររបស់យើង ហើយការបណ្តុះកូនៗឱ្យមានទម្លាប់សន្សំ ទោះតិចឬច្រើន គឺជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពរឹងមាំនិងឯករាជ្យផ្នែកហិរញ្ញវត្ថុ។ មិនត្រឹមតែដើម្បីអនាគតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ បានរួមចំណែកបង្កើនស្ថិរភាពសេដ្ឋកិច្ចនៃសហគមន៍និងតំបន់អាស៊ានទាំងមូលទៀតផង។
លោកជំទាវ ឌិត នីតា បានប្រាប់ទៅស្ថាប័នពាក់ព័ន្ធចូលរួមលើកទឹកចិត្តដល់សាធារណជនឱ្យបន្តអនុវត្តទម្លាប់សន្សំ ដែលជាបំណិនជីវិតមួយ«អាចជួយយើងបាននៅគ្រាអាសន្ន»។ លោកជំទាវបានបញ្ជាក់ថា ការសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ នឹងជួយឱ្យសាធារណជនចៀសផុតពីហានិភ័យផ្សេងៗនិងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត៕