អេបកត់លុយជំនាន់២ (Kotluy App V2.0) នឹងដាក់ឱ្យសាធារណជនប្រើប្រាស់ឆាប់ៗនេះ!
ភ្នំពេញ៖ «អេបកត់លុយ»ជំនាន់២ (Kotluy App V2.0) នឹងដាក់ឱ្យសាធាណជនប្រើប្រាស់ឆាប់ៗនេះហើយ។ សម្រាប់អ្នកប្រើប្រាស់«អេបកត់លុយ (V1.0)» បច្ចុប្បន្ន សូមទាញយក ឬរក្សាទុកនូវទិន្នន័យទាំងអស់ មុននឹងតម្លើងទៅកាន់អេបកត់លុយ(V2.0) ជំនាន់ថ្មីដើម្បីធានាបាននូវសុវត្ថិភាពនៃទិន្នន័យរបស់អ្នកប្រើប្រាស់។
អេបកត់លុយ (V2.0) នឹងជួយភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ថ្នាលគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរួមមួយដោយធ្វើឲ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលនិងជួយឲ្យអ្នកប្រើប្រាស់បង្កើនទ្រព្យសម្បត្តិកាត់បន្ថយនូវការប៉ះទង្គិចដែលបណ្តាលមកពីគ្រោះអាសន្ន ជំងឺ គ្រោះថ្នាក់នានានិងអាចធ្វើឲ្យការវិនិយោគទទួលលទ្ធផលល្អផងដែរ។
សម្រាប់ដំណើរការរបស់អេបកត់លុយ (V2.0) មានបីជំហានសំខាន់ៗ រួមមាន៖
ជំហានទី១. ការបញ្ចូលទិន្នន័យអ្នកប្រើប្រាស់អាចអនុវត្តតាមការណែនាំពីរបីជំហាន ដើម្បីបង្កើតកាបូបលុយនិងបង្កើតនូវផែនការថវិកាផ្ទាល់ខ្លួន និងគ្រួសាររបស់អ្នកដែលមានដូចជាផែនការចំណូលចំណាយ សន្សំ និងផែនការសងកម្ចី។
ជំហានទី២. ការបញ្ចូលប្រតិបត្តិការទោះបីជាអ្នកកំពុងប្រើប្រាស់នូវធនាគារណាមួយក៏ដោយ ឬកំពុងប្រើប្រាស់ធនាគារច្រើនលោកអ្នកគ្រាន់តែទាញយករបាយការណ៍គណនីរបស់អ្នក រួចបញ្ចូលទៅក្នុងអេបកត់លុយអ្នកនឹងទទួលបានការកត់ត្រានិងរបាយការណ៍។ សម្រាប់ប្រតិបត្តិការជាសាច់ប្រាក់ អ្នកគ្រាន់តែបញ្ចូលទិន្នន័យតិចតួចបំផុត។
និងជំហានទី៣. ប្រើអេបកត់លុយធ្វើការឲ្យអ្នកនោះអេបកត់លុយ នឹងជួយគណនា និងប្រៀបធៀបចំណូលចំណាយ ការសន្សំនិងការសងកម្ចីជាក់ស្តែងរបស់អ្នកជាមួយនឹងគម្រោងថវិកានិងផ្តល់ឲ្យអ្នកនូវសញ្ញាណមួយចំនួន។ ហើយតាមរយៈគម្រោងថវិកា អេបកត់លុយនឹងជួយដាស់តឿនអ្នកពីការទូទាត់នានា នៅពេលខាងមុខ រួមទាំងការសងកម្ចី និងការសន្សំដោយអ្នកនឹងមិនភ្លេចការទូទាត់របស់អ្នកតទៅទៀតនោះទេ។
ចំពោះមុខងារសំខាន់ៗនៅក្នុងអេបកត់លុយ (V2.0) រួមមាន៖
ទី១. តាមដានចំណូលនិងចំណាយរបស់អ្នកប្រើប្រាស់ដូចអ្នកជំនាញដោយអ្នកប្រើប្រាស់មិនត្រូវបាត់បង់ការមើលឃើញពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឡើយ។អេបកត់លុយ និងវិចារណញាណរបស់អ្នកប្រើប្រាស់ នឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការតាមដាននូវចំណូលដែលរកបាន និងចំណាយ ដោយផ្តល់ឲ្យអ្នកនូវរូបភាពច្បាស់លាស់នៃសុខភាពហិរញ្ញវត្ថុរបស់អ្នក។
ទី២. ឈានដល់គោលដៅសន្សំរបស់អ្នកប្រើប្រាស់ព្រោះការសន្សំអាចជារឿងលំបាក ប៉ុន្តែជាមួយនឹងមុខងារសន្សំរបស់អេបកត់លុយនឹងផ្តល់ភាពងាយស្រួលក្នុងការកំណត់ និងសម្រេចបាននូវគោលដៅសន្សំរបស់អ្នកមិនថាអ្នកកំពុងសន្សំសម្រាប់វិស្សមកាល បង់រំលស់ផ្ទះឬគ្រាន់តែបង្កើតមូលនិធិសង្គ្រោះបន្ទាន់នោះ អេបកត់លុយ នឹងជួយអ្នកឲ្យទៅដល់ទីនោះបាន។
និងទី៣. គ្រប់គ្រងលើការទូទាត់ប្រាក់កម្ចីរបស់អ្នកប្រើប្រាស់ ដោយមានភាពងាយស្រួលជាងមុនក្នុងការដកបំណុល និងសន្សំប្រាក់សម្រាប់សងបំណុល។ អេបកត់លុយនឹងអនុញ្ញាតឲ្យអ្នកកំណត់ប្រាក់ ជាពិសេសសម្រាប់ការទូទាត់ប្រាក់កម្ចី ដូច្នេះអ្នកអាចធ្វើការបង់ប្រាក់បន្ថែម និងទូទាត់ប្រាក់កម្ចីរបស់អ្នកបានលឿនជាងមុន៕