ត្រៀម CV ឱកាសការងារជាង២ម៉ឺនកន្លែងពីក្រុមហ៊ុន សហគ្រាសធំៗចំនួន១៥០
ភ្នំពេញ៖ សិស្សនិស្សិត និងយុវជនរៀចំ CV និងត្រៀមខ្លួនសម្រាប់ឱកាសការងារក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំដែលមានអ្នកចូលរួមច្រើនជាងគេ នឹងមកដល់នៅថ្ងៃទី១០-១១ ខែវិច្ឆិកានេះហើយ។ឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង២ម៉ឺនកន្លែងពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសធំៗចំនួន១៥០ នឹងបង្ហាញនៅអាគារពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃគឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជន សិស្សនិស្សិតនិងអ្នកស្វែងរកការងារ សូមត្រៀម CV ឱ្យបានច្រើនដើម្បីចូលរួមដាក់ពាក្យនិងសម្ភាសការងារភ្លាមៗ។ ព្រឹត្តិការណ៍ការងារនេះ ក៏នឹងមានសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលនឹងចូលរួមធ្វើបទបង្ហាញដោយវាគ្មិនជំនាញ នាថ្ងៃទី១០-១១ ខែវិច្ឆិកា ខាងមុខនេះចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៨:០០យប់នៅអាគារពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ, សហភាពសហព័ន្ធយុវជនកម្ពុជា,សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia) និងអង្គការស្វីសខនថាក់និង គាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត៕