កំណើនសេដ្ឋកិច្ចកម្ពុជា ៥,៣% ក្នុងឆ្នាំ២០២៣ បានពីការងើបឡើងនៃវិស័យទេសចរណ៍និងសេវាកម្ម
ភ្នំពេញ៖ ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានកំណើនប្រមាណ៥,៣ភាគរយ ក្នុងឆ្នាំ២០២៣ ដែល បានមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍និងវិស័យសេវាកម្មនានា ព្រមទាំងការរួមផ្សំនឹងកំណើនប្រសើររឹងមាំ នៃការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ។ ការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុ (IMF) នៅក្នុងកិច្ចប្រជុំបូកសរុប«លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជាសម្រាប់ឆ្នាំ២០២៣ និង២០២៤» កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅ។
បើទោះការនាំចេញផលិតផលកាត់ដេរ និងវិស័យសំណង់-អចលនទ្រព្យមានភាពថមថយ ប៉ុន្ដែកម្ពុជានៅតែអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអាត្រា៥,៣ភាគរយដែលបានមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍ វិស័យសេវាកម្ម រួមផ្សំនឹងការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ។នេះបើតាមការបញ្ជាក់ថា របស់លោក David Furcer ប្រធានក្រុមបេសកកម្មArticle IV នាជំនួបជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣។
ប្រធានក្រុមបេសកម្ម លោក David Furcer បន្ដថាអត្រាអតិផរណាត្រូវបានវាយតម្លៃ នឹងថមថយក្នុងអាត្រា ២,៣ភាគរយជាមធ្យមសម្រាប់ឆ្នាំ២០២៣ហើយនឹងវិលទៅរកនិន្នាការរយៈពេលវែងវិញ ក្នុងអាត្រា៣ភាគរយនៅឆ្នាំ២០២៤ ដោយសារភាពស្រាកស្រាន្ដនៃកត្តាតម្លៃទំនិញ។ចំពោះឱនភាពគណនីចរន្ដនឹងរួមតូចមកត្រឹម២,១ភាគរយ នៃកំណើនផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៣ ព្រោះតែការថយចុះការនាំចូលមាស, ការងើបឡើងវិញនៃវិស័យទេសចរណ៍និងការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ។
បើទោះបីសម្ទុះនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ នៅល្អក្ដី ប៉ុន្ដែ IMF ក៏បានប្រាប់ពីហានិភ័យចម្បងមួយចំនួនដែលអាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចផងដែរ។ ក្នុងនោះរួមមាន ភាពកាន់តែថមថយនូវតម្រូវការពីដៃគូរពាណិជ្ជកិម្មប្រទេសអភិវឌ្ឍន៍,ផលជះឥទ្ធិពលនៃភាពថមថយសេដ្ឋកិច្ចចិន, ឥទ្ធិពលលើសពីការរំពឹងទុកនៃការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក,ការកើនឡើងសម្ពាធបំណុល រួមទាំងការបន្ដភាពបែកខ្ញែកទីតាំងភូមិសាស្រ្ដសេដ្ឋកិច្ច-នយោបាយ។
ក្នុងជំនួបនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថាលទ្ធផលនៃការវាយតម្លៃរបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្ដរជាតិលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានកម្រិតស្រដៀងគ្នានៃការវាយតម្លៃតួលេខកំណើនជារួមក្នុងឆ្នាំ២០២៣និងរយៈពេលមធ្យមខាងមុខ។ លទ្ធផលនេះ បានបញ្ជាក់ពីបញ្ហាប្រឈមនិងហានិភ័យនៃសេដ្ឋកិច្ចសកលបច្ចុប្បន្ន និងរយៈពេលខាងមុខ ដែលតម្រូវឱ្យមានការតាមដានជាប្រចាំឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលយ៉ាងឆាប់រហ័សនេះ៕