ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បន្តចុះតម្លៃបង់សេវា២០% រយៈពេលពី ៦ខែ ទៅ ១ឆ្នាំទៀត
Posted by -
Phoung Somphors
Published on -
11/12/2023 6:53 PM

ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរក្សាកម្រៃសេវាផ្លូវល្បឿនលឿននៅដដែល ពោលគឺបញ្ចុះតម្លៃ២០% ដដែល ដូចទៅនឹងការដាក់ឱ្យប្រើប្រាស់លើកដំបូងកាលពីថ្ងៃដើមខែតុលាឆ្នាំ២០២២កន្លងទៅ។ ការរក្សាតម្លៃដដែលនេះមានរយៈពេល១ឆ្នាំ សម្រាប់អ្នកប្រើប្រាស់គន្លងETCនិងគន្លង ANPR ហើយបន្តរក្សាតម្លៃដដែលរយៈពេល៦ខែសម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿន បានសម្រេចបន្តរក្សាតម្លៃដដែល(បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ចំពោះ អ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%)សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរនិងតាមប្រភេទយានយន្ត។

ការសម្រេចចិត្តបន្តបញ្ចុះតម្លៃ២០% ដដែលនោះ ក្នុងឱកាសគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនិងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីអត្ថប្រយោន៍នៃការប្រើប្រាស់គន្លង ANPR ដែលជាច្រកអាទិភាពក្នុងការចេញចូលមានលក្ខណៈសាមញ្ញដោយអ្នកប្រើប្រាស់ផ្លូវគ្រាន់តែបញ្ចូលសមតុល្យក្នុងផ្លាកលេខជាមុនតាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ(Mobile Banking) និងចេញ-ចូលគន្លងដែលមានសញ្ញា ANPR ជាការស្រេច។ ចំពោះគន្លង ETC គឺជាច្រកអាទិភាពក្នុងការចេញចូលមួយជម្រើសទៀតដែលតម្រូវឱ្យអ្នកប្រើប្រាស់គន្លងនេះតភ្ជាប់ដុំ OBU និងបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

សូមជម្រាបផងដែរថា ក្នុងរយៈពេល១២ខែកន្លងមកនេះមានយានយន្តប្រមាណ ៤,៦លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះដោយទទួលបាននូវបទពិសោធធ្វើដំណើរថ្មី, ចំណេញពេលវេលា, កាត់បន្ថយការកកស្ទះចរាចរណ៍និងលើកកម្ពស់ប្រសិទ្ធភាព។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយនិងប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១ ខែតុលាឆ្នាំ២០២២កន្លងទៅ ដោយក្នុងនោះក្រុមហ៊ុនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរយៈពេលពេញ១ខែដំបូងពីថ្ងៃទី១ តុលា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២២ និងបន្ទាប់មកបានបញ្ចុះតម្លៃសេវាចំនួន២០% ពេញ១ឆ្នាំ ដោយគិតពីថ្ងៃទី១ វិច្ឆិកា ២០២២ រហូតត្រឹមថ្ងៃទី៣១ តុលា២០២៣កន្លងទៅនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236