ពលរដ្ឋមានបំណងធ្វើត្រីប្រហុក រួសរាន់ចុះទៅទិញចន្លោះថ្ងៃទី១៩-២៥ ធ្នូនេះ ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ពីរដូវត្រូវត្រីប្រហុកចាប់ពីថ្ងៃទី១៩ ដល់ ១៥ ក្នុងខែធ្នូ ឆ្នាំ២០២៣នេះ ដោយត្រីចាប់ផ្ដើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
កត្តាអំណោយផលនេះ ត្រូវបានរដ្ឋបាលជលផលបញ្ជាក់នៅសេចក្តីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី១៨ ធ្នូនេះ ថា នឹងធ្វើឱ្យការធ្វើនេសាទទទួលបានផលត្រីច្រើន និងជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
រដ្ឋបាលជលផល បានប្រាប់ដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី ឱ្យរួសរាន់ មកទិញត្រីតាមពេលវេលា និងទីកន្លែងខាងលើ។ រដ្ឋបាលជលផល ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនថែមទៀតផង៕