CMAC ទទួលជំនួយជាង ៣៨ម៉ឺនដុល្លារ អនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតរកមីន នៅកម្ពុជា
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)និងអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូលើគម្រោង៖«សមាហរណកម្មកណ្តុរ ហិតរកមីននិងសុនខស្រាវជ្រាវបច្ចេកទេស» ដែលមានជំនួយប្រមាណ ៣៨៧,១៦៧ដុល្លារអាម៉េរិក។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហេងរតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC ជាមួយនឹងលោកMichal Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
បើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា គម្រោងខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ដោយមានផែនការបោសសម្អាតមីនលើផ្ទៃដីសរុបប្រមាណ ៩៨,០០០,០០០ម៉ែត្រក្រឡា នៅក្នុងខេត្តសៀមរាប ព្រះវិហារនិងខេត្តមណ្ឌលគិរី។
សូមរម្លឹកផងដែរថា អង្គភាព CMAC និងអង្គការ APOPO ប្រចាំកម្ពុជា បានសហការគ្នាជាដៃគូជិត១០ឆ្នាំមកហើយលើគម្រោងកណ្តុរហិតរកមីននេះ ដោយបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ពាន់ហិកតានិងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានប្រមាណ ៥១,០០០គ្រាប់ផងដែរ៕