«រូបិយប័ណ្ណឌីជីថល» រួមចំណែកជំរុញផលិតភាពផលិតកម្ម និងសេដ្ឋកិច្ច ខណៈដែលមានហានីភ័យមួយចំនួន
ភ្នំពេញ៖ «រូបិយប័ណ្ណឌីជីថល» បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍កម្រិតពិភពលោក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា រូបិយប័ណ្ណឌីជីថលនេះ បានអត្ថប្រយោជន៍ក្នុងការជំរុញផលិតភាពផលិតកម្ម និងសេដ្ឋកិច្ចឱ្យរីកចម្រើន ជាដើម ខណៈដែលរូបិយប័ណ្ណឌីជីថល ក៏បានចូលរួមបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម កាត់បន្ថយចំណាយថ្លៃដើម និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ។
ទន្ទឹមនឹងការលើកឡើងពីអត្ថប្រយោជន៍ទាំងនេះ ធនាគារជាតិនៃកម្ពុជា ក៏បានគូសបញ្ជាក់ពីហានិភ័យមួយចំនួនផងដែរ ទៅលើស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចការពារអ្នកប្រើប្រាស់រូបិយប័ណ្ណ។ បើតាមធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានចូលរួមចែករំលែកទស្សនៈមួយចំនួនទាក់ទងនឹងរូបិយប័ណ្ណឌីជីថលនេះ ក្នុងសន្និសីទអន្តរជាតិ MOEF-BOK-FSC-IMF ឆ្នាំ២០២៣ ក្រោមមូលបទ៖«រូបិយប័ណ្ឌឌីជីថល ដោយផ្តោតលើយុទ្ធសាស្ត្រកែប្រែទិដ្ឋភាពហិរញ្ញវត្ថុ» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងពីរូបិយប័ណ្ណឌីជីថលនេះថា ដោយសារតែប្រទេសកម្ពុជាបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការប្រព័ន្ធបាគងរួចមកហើយ ដែលប្រព័ន្ធនេះ ក៏អាចត្រូវបានចាត់ទុកជាទម្រង់មួយនៃរូបិយប័ណ្ណឌីជីថលផងដែរ។ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ថា ប្រព័ន្ធបាគងនេះ មានចំណុចពិសេសៗស្រដៀងគ្នានឹងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (DBDC)។
សូមជម្រាបថា ការរៀបចំសន្និសីទអន្តរជាតិ MOEF-BOK-FSC-IMF ឆ្នាំ២០២៣ ក្រោមមូលបទ៖«រូបិយប័ណ្ឌឌីជីថល ដោយផ្តោតលើយុទ្ធសាស្ត្រកែប្រែទិដ្ឋភាពហិរញ្ញវត្ថុ (Navigating a Changing Financial Landscape)» នេះ គឺប្រមូលផ្តុំគំនិតសំខាន់ៗរបស់អ្នកជំនាញ អ្នកបង្កើតគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវមកពីជុំវិញពិភពលោក ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាលើបញ្ហាគោលនយោបាយសំខាន់ៗជុំវិញរូបិយប័ណ្ណឌីជីថល៕