គម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពតតម្លៃ ២០លានដុល្លារត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង២ដែលមានតម្លៃ ២០លានដុល្លារ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងដើម្បីបម្រើជាសាធារណៈប្រយោជន៍ជូនដល់ប្រជាជន។
ក្នុងពិធីសម្ពោធគម្រោងខាងលើ កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍នា បានឲ្យដឹងថាជាមួយនឹងសមិទ្ធផលដែលបានសាងសង់ និងដាក់សម្ពោធនាពេលនេះក្រសួងសាធារណការក៏បាននិងកំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ផងដែរទាក់ទឹងនឹងការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ដែលកំណត់ក្របខណ្ឌគតិយុត្តក្នុងការគ្រប់គ្រង អភិវឌ្ឍ សាងសង់ ជួសជុលថែទាំធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ សំដៅធានាបាននូវប្រសិទ្ធភាពនិងគុណភាព។
សូមជម្រាបផងដែរថា៖គម្រោងខាងលើស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ៣៥៨,៧២ហិកតាក្នុងនោះផ្ទៃដីសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤ហិកតា។ គម្រោងនេះ ចាប់ផ្តើមការសាងសង់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ហើយត្រូវបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ដោយចំណាយថវិកាសរុបប្រមាណ ២០លានដុល្លារ ជាកម្ចីឥណទានរបស់ ADB៕