ជប៉ុន ផ្តល់ជំនួយជិត ១,៤លានដុល្លារ សម្រាប់គម្រោងបោសសម្អាតគ្រាប់មីននៅខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបជិត១,៤លានដុល្លារ (១,៣៩០,១១៧ដុល្លារអាម៉េរិក) ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) សម្រាប់បោសម្អាតគ្រាប់មីនមិនទាន់ផ្ទុះនៅក្នុងខេត្តបន្ទាយមានជ័យ។
បើតាមការឱ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាការផ្តល់ជំនួយដល់អង្គការ JMAS នេះ ស្ថិតនៅក្រោមគ្រោងជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន២ គឺ« គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី៣)» និង «គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យហៅកាត់ថាគម្រោង RSDB (ឆ្នាំទី៣)»។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គការ JMASបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ដោយភាគីទាំងជឿជាក់ថាជំនួយឥតសំណងនេះ នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោង៕