រដ្ឋ ប្រមូលចំណូលពន្ធបានជាង ៣,៣ពាន់លានដុល្លារ ស្មើជិត៩៤% នៃផែនការឆ្នាំ២០២៣
ភ្នំពេញ៖ ពន្ធដារ ប្រមូលចំណូលពន្ធអាករបានជាង ៣,៣ពាន់លានដុល្លារ ក្នុងរយៈពេល១១ ខែនៅឆ្នាំ២០២៣ ស្មើនឹង ៩៣,៧១% នៃផែនការ ខណៈពេលដែលក្នុងខែវិច្ឆិកា ប្រមូលចំណូលពន្ធនេះបានជាង ២៨០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ធ្នូនេះ។
ក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមាន ១៣ ៥៥៦,០៦ ប៊ីលានរៀល ប្រមាណជា ៣ ៣៤៧,១៨លានដុល្លារ ស្មើនឹង ៩៣,៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី៖«កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣»។
សម្រាប់តែក្នុងខែវិច្ឆិកា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបាន ១ ១៣៤,៥៨ ប៊ីលានរៀល ប្រមាណជា ២៨០,១៤ លានដុល្លារ ស្មើនឹង ៧,៨៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានធ្វើឡើងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋាន។
ចំពោះ ការគ្រប់គ្រងប្រមូលចំណូលពន្ធដែលបានមកពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបាន ២៧៦,៥២ ប៊ីលានរៀល ប្រមាណជា ៦៨,២៨ លានដុល្លារ ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន៨៣សហគ្រាស ដែលជាសហគ្រាសផ្គត់ផ្គង់ទំនិញ និងសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា។ នេះបើតាមការបញ្ចាក់ឱ្យដឹងនៅក្នុងសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ៕