ត្រឹម២សប្តាហ៍ CDC អនុម័តគម្រោងចំនួន១៥ដែលមានទុនវិនិយោគសរុបជាង ២៤៧លានដុល្លារ
ភ្នំពេញ៖ រយៈពេល២សប្តាហ៍ នៃខែធ្នូ ឆ្នាំ២០២៣នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៥បោះទុនវិនិយោគសរុបជាង២៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង១៦,០០០កន្លែង។ គម្រោងទាំង១៥ នេះ បានបោះទីតាំងគោលដៅវិនិយោគរបស់ខ្លួននៅក្នុងខេត្តចំនួន៧ដោយរួមមាន៖ ខេត្តស្វាយរៀង, តាកែវ, កំពង់ស្ពឺ,កណ្តាល, ព្រះសីហនុ, ពោធិ៍សាត់ និងខេត្តកំពង់ចាម។
បើតាម CDC ដែលចុះផ្សាយនៅថ្ងៃទី២០ធ្នូនេះ ឱ្យដឹងថាគម្រោងវិនិយោគទាំង១៥នោះ រួមមាន៖ ទី១៖ គម្រោងវិនិយោគ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុក ថាមពលអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់, ទី២.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣៖ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅស្រុកត្រាំកក់ ខេត្តតាកែវ។
ទី៤.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី៥.គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិកនៅក្រុងតាខ្មៅ ខេត្តកណ្តាល, ទី៦.គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងនិងគ្រឿងបន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ទី៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៨.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល, ទី៩.គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ស្បែកជើង និងកាបូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ទី១០.គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋានស៊ុមរូបថត អំពូល ភ្លើង អំពូលភ្លើងលំអ និងសម្ភារៈតុបតែងដើមណូអែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង។ទី១១.គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈបន្ទប់ទឹក និងគ្រឿងបង្គំវាំងនននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ខេត្តស្វាយរៀង, ទី១២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ គ្រឿងអេឡិចត្រូនិក និងតុក្កតាសម្រាប់តាំងលំអសួនច្បារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង។
ទី១៣.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង, ទី១៤. វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់សម្លៀកបំពាក់ហែលទឹក ខោអាវទ្រនាប់ ស្រោមដៃ កន្សែង ម៉ាស់ និងគ្រឿងបន្សំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ ៦ ខេត្តកំពង់ចាម និងទី១៥.គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះក្នុងបន្ទប់ទឹកនិងសម្ភារៈប្រើប្រាស់ក្នុងសួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុ៕