ក្រសួងកសិកម្ម ស្វែងរកដៃគូដែលផ្តល់កម្ចីមានការប្រាក់ទាប ជួយដល់សហគមន៍កសិកម្ម
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រកាសស្វែងរកដៃគូដែលអាចផ្តល់កម្ចីឱ្យកសិករ ក្នុង អត្រាការប្រាក់ទាប ដើម្បីជួយដល់សហគមន៍កសិកម្មមានលទ្ធភាពវិនិយោគបន្ថែម ឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ច។
ក្នុងជំនួបជាមួយនឹងលោក Jingyuan Xia ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ការប្រកាសស្វែងរកដៃគូផ្តល់កម្ចីដែលមានការប្រាក់ទាបនោះ ដើម្បីជួយដល់ដំណាំស្វាយចន្ទី អង្ករ បន្លែ និងផលិតផលមានសក្តានុពលផ្សេងៗទៀត ឱ្យទទួលបានឱកាសវិនិយោគកាន់តែខ្លាំង និងមាននិរន្តរភាពសេដ្ឋកិច្ច។
ឯកឧត្តម ឌិត ទីណា ក៏បានលើកពីគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដែលទើបនឹងប្រឡងជ្រើសរើសជំនាន់ទី១ នៅចុងឆ្នាំ២០២៣នេះ ចំនួន២៥០នាក់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឱ្យដឹងផងដែរថា ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំនេះ ដើម្បីជួយកសិករលើបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការផលិតកម្ម ព្រមទាំងខ្សែច្រវាក់តម្លៃឱ្យចំណាយថ្លៃដើមទាប ទទួលតម្លៃខ្ពស់ និងចំណេញច្រើន។
ក្នុងជំនួបជាមួយនឹងលោក Jingyuan Xia ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO ដែលមានទីស្នាក់ការនៅកណ្តាលទីក្រុងរ៉ូម ឯកឧត្តម ឌិត ឌីណា ស្វាគមន៍ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេស ការការពារ និងគ្រប់គ្រងហានិភ័យលើផលិតផលកសិកម្ម និងការផ្សព្វផ្សាយការងារភូតគាមអនាម័យ (SPS) ៕