កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង ៨៥លានដុល្លារ រយៈពេល១១ខែឆ្នាំនេះ
Posted by -
Phoung Somphors
Published on -
24/12/2023 8:07 PM

ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលអាជីវកម្មសរុបបានជាង ៨៥លានដុល្លារ កើនឡើង ២,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំណែកបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួន ៧លានតោន កើនឡើង ១១,៣៤%។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតក្នុងឱកាសចូលរួមពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ និងសម្ពោធឲ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង កាលពីថ្ងៃទី២២ខែធ្នូនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថាក្នុងរយៈពេល ១២ឆ្នាំ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣%។ សមិទ្ធផលទាំងនេះ បានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ក្នុងរង្វង់ ៧%ក្នុងរយៈពេល ២ទស្សវត្សន៍ចុងក្រោយ មុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងវិបត្តិសកលហើយក្រោយមកទៀត ក៏នៅបន្តមានកំណើនក្នុងអត្រា ៥,៦% ក្នុងឆ្នាំ២០២៣ និង ៦,៦% ក្នុងឆ្នាំ២០២៤ ដោយសារការបន្តនិន្នាការកើនឡើងនៃសកម្មភាពដឹកជញ្ជូន និងគមនាគមន៍។

សូមជម្រាបផងដែរថា គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែងសរុប ៣៥០ម៉ែត្រនឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs/ឆ្នាំនិងនាំឲ្យសមត្ថភាពផែសរុបកើនដល់ ១ ២៥០ ០០០ TEUs/ឆ្នាំដោយអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបានដើម្បីបង្កើនការប្រកួតប្រជែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236