ធនាគារជាតិ និងក្រុមហ៊ុន UnionPay ដាក់ឱ្យទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code
Posted by -
Phoung Somphors
Published on -
24/12/2023 8:06 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឲ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជានិងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI (UnionPay QR Code) នាថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣នេះ។

លោកជំទាវ ជា សិរី បានលើកឡើងថាតាមរយៈក្របខណ្ឌប្រតិបត្តិការខាងលើ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មទៅឲ្យអាជីវកម្ម ឬម្ចាស់ហាងលក់ទំនិញ-សេវាកម្មនៅកម្ពុជា ជាប្រាក់រៀលបាន។ជាមួយគ្នានេះដែរ ចាប់ពីដើមឆ្នាំ២០២៤ តទៅប្រជាជនកម្ពុជាក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគងដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងបណ្តាញទូទាត់UnionPay នៅទូទាំងពិភពលោក ដោយគ្រាន់តែស្កេន UnionPay QR Code របស់ក្រុមហ៊ុន UPI ។

លោកជំទាវ ជា សិរី បានឲ្យដឹងដែរថាការដាក់ឲ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនាឱកាសនេះបានឆ្លុះបញ្ចាំងពីគោលបំណងនៃសហគមន៍អាស៊ានដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិប្រកបដោយប្រសិទ្ធភាព និងរួមចំណែកជំរុញបរិវត្តន៍កម្មឌីជីថល ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។

ពិធីប្រកាសដាក់ឲ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតខាងលើធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ ជា សិរី ទេសាភិបាលធនគារជាតិនៃកម្ពុជានិងមានវត្តមានចូលរួមរបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាក្រុមហ៊ុន UPI និងភាគីពាក់ព័ន្ធដទៃទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236