អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ គាំទ្រវិស័យឌីជីថល, សេដ្ឋកិច្ចបៃតង និង SMEs
Posted by -
Phoung Somphors
Published on -
16/9/2024 1:03 AM

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ឱ្យជួយពិនិត្យ និងជួយគាំទ្របន្ថែមទៀត ដល់វិស័យថ្មីដូចជា វិស័យឌីជីថល សេដ្ឋកិច្ចបៃតង ពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs)។ ការស្នើសុំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោក អាសាដ យ៉ាកុប តំណាង IFC ប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅ។

ឯកឧត្តមរដ្ឋមន្ត្រីសេដ្ឋកិច្ច បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០០ មក នៅក្នុងវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិ-ពាណិជ្ជកម្ម និងវិស័យអប់រំ IFC បានរួមចំណែកដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា  ដោយបានបង្កើតឱកាសការងារថ្មី, បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។ នេះបើតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។

តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា លោក អាសាដ យ៉ាកុប ឱ្យដឹងថា IFC បានជួយបង្កើនប្រភពហិរញ្ញប្បទានសម្រាប់សហគ្រាសSMEs រហូតដល់៩៩% ក្នុងចំណោមវិស័យឯកជនសរុបទូទាំងប្រទេស បានផ្ដល់សេវាកម្មហិរញ្ញវត្ថុ ដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានច្បាប់ National Payment System និងការរៀបចំច្បាប់ និងបទប្បញ្ញត្តិ ក្នុងការចែករំលែកព័ត៌មានឥណទាន ដូចជា ការបង្កើតឱ្យមាន Private Credit Bureau។

IFC ក៏បានពង្រឹងសមត្ថភាពមន្ត្រី (Capacity Building) ក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) តាមរយៈការចូលរួមទស្សនកិច្ចសិក្សា, វគ្គបណ្តុះបណ្តាលនានា និងការផ្តល់សេវាទីប្រឹក្សា ដែលគាំទ្រដល់ការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ លោក អាសាដ យ៉ាកុប បានបន្ថែមយ៉ាងដូច្នេះក្នុងជំនួបជាមួយនឹងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

ក្នុងរយៈពេល ៥ឆ្នាំ នៅកម្ពុជា ក្នុងអាណត្តិការងាររបស់លោក អាសាដ យ៉ាកុប IFC បានង្កើនទំហំវិនិយោគពី ១៦៧,៥លានដុល្លារ ដល់ ៤៣៨,៥ លានដុល្លារ ក្នុងវិស័យហិរញ្ញវត្ថុ។ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ក្រសួង គឺបានត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ IFC ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236