ADB ផ្តល់ហិរញ្ញប្បទានជិត ៩៤លានដុល្លារ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ ក្នុងខេត្តចំនួន៩
Posted by -
Phoung Somphors
Published on -
16/9/2024 1:03 AM

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន(WASH) នៅទីជនបទសម្រាប់ពលរដ្ឋ ៨,៨ពាន់គ្រួសារ ក្នុងភូមិចំនួន៤០០ នៃឃុំចំនួន៥០ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយបានគូសបញ្ជាក់ថា គម្រោងនេះផ្តោតលើខេត្តចំនួន៩ រួមមានបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។

ADB បានសម្រេចផ្តល់ហិរញ្ញប្បទានទាំងនេះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាពនៅកម្ពុជា។ កម្មវិធីនេះ មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការធ្វើផែនការ ការរចនា និងការអនុវត្តកម្មវិធី។ ADB បញ្ជាក់ថា កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និងការធ្វើវិមជ្ឈការមុខងារ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះគាំទ្រ WASH ធ្វើឡើងក្នុងគោលដៅផ្តល់អាទិភាពឱ្យពលរដ្ឋនៅតំបន់ដាច់ស្រយាល ទទួលបានកំណែទម្រង់ ពង្រឹងអភិបាលកិច្ចចាត់ចែងបរិក្ខារ WASH ដែលគ្រប់គ្រងដោយសហគមន៍។ លោកស្រី Jyotsana Varma បន្តថា កម្មវិធីដែលពង្រីកវិសាលភាពការធ្វើផែនការរបស់រាជរដ្ឋាភិបាលនេះ ដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាសធាតុផងដែរ។

កម្មវិធីផ្គត់ផ្គង់ទឹកនេះ រួមបញ្ចូលជំនួយឥតសំណងចំនួន ៣លានដុល្លារ ពីមូលនិធិជប៉ុន សម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តដែលមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទ ដែលប្រឈមមុខខ្លាំងនឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។

គួរបញ្ជាក់ថា ជំនួយបច្ចេកទេសចំនួន ៦០ម៉ឺនដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយបរធនបាលភាពជាដៃគូ ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Trust Fund) នៃមូលនិធិភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Facility) នឹងគាំទ្រការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងការផ្គត់ផ្គង់ទឹកនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236