កម្ពុជា នាំចេញកសិផលបានជាង៦លានតោន ស្មើនឹងជាង៣៦៥០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
16/9/2024 1:03 AM

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលខ្មែរទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេស នៅទូទាំងពិភពលោកដោយសម្រេចបានការនាំចេញជាង ៦លានតោន គិតជាទឹកប្រាក់ប្រមាណជាង ៣៦៥០លានដុល្លារ។ទំហំនៃការនាំចេញនេះ កើនឡើងជិត ៦០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆមាសទី១ ឆ្នាំ២០២៣ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែកក្កដានេះ បានឲ្យដឹងថា ៩៤% នៃកសិផលខ្មែរដែលបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗមានការនាំទៅប្រទេសចិន វៀតណាម និងថៃ។ ក្នុងចំពោះប្រទេសចិនកម្ពុជា បាននាំចេញដូចជា ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន។ ចំណែកប្រទេសវៀតណាមកម្ពុជា បាននាំចេញស្រូវ ស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់ ខណៈដែលប្រទេសថៃ កម្ពុជាបាននាំចេញដំឡូងមី ស្វាយស្រស់ ម្ទេស និងកន្ទក់។ ដោយឡែក កសិផលខ្មែរដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី មានដូចជា៖ ស្វាយស្រស់ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់ផងដែរ។

គួរបញ្ជាក់ផងដែរថា ការនាំចេញកសិផលខ្មែរក្នុងឆមាសទី១នេះ រួមមាន៖ គ្រាប់ស្វាយចន្ទីឆៅ ទទួលបានចំណូលជាង ៨០០លានដុល្លារ, ស្រូវ បានចំណូលជាង ៤០០លានដុល្លារ, អង្ករបានចំណូលជាង ២០០លានដុល្លារ, ដំឡូងមី នាំចេញក្នុងបរិមាណ ២,៥០លានតោន គិតជាទឹកប្រាក់ជាង ៤៥០លានដុល្លារហើយកសិផលផ្សេងទៀតក្រៅពីស្រូវ-អង្ករ ទទួលបានចំណូលជាង ១៨០០លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236