ការប្រាក់ទាបជួយដល់កសិករច្រើន ខណៈដែលរដ្ឋមន្ត្រីកសិកម្មស្នើឱ្យ ADBបន្តគាំទ្រអភិវឌ្ឍ និងពង្រឹងខ្សែច្រវាក់តម្លៃ
Posted by -
Phoung Somphors
Published on -
16/9/2024 1:06 AM

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងជំនួបពិភាក្សាពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាមួយនឹងក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី(Mid-term Review Mission ADB)​ បានឱ្យដឹងថាកម្ចីក្នុងអត្រាការប្រាក់ទាប ជាតម្រូវការសំខាន់សម្រាប់កសិករ និងសហគមន៍កសិកម្មទំនើប។

ជំនួបដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ដូច្នេះថា៖«កម្ចីការប្រាក់ទាបនេះ ជួយឲ្យពួកគាត់អាចពង្រឹងផលិតផលកាន់តែមានប្រសិទ្ធភាពនិងអាចទិញផលិតផលកសិកម្ម បានទាន់ពេលវេលាសម្រាប់ស្តុកទុក និងកែច្នៃជាជាងលក់ផលិតផលកសិកម្មភ្លាមៗដែលនាំឲ្យបាត់បង់តម្លៃ»។

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានបន្តទៀតថា កសិផលសក្តានុពលរបស់កម្ពុជាដែលមានដូចជាស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់ ខណៈដែលឯកឧត្តម ស្នើឱ្យ ADB ដែលកំពុងអនុវត្តគម្រោង ACSEP អាចពិចារណាជួយគាំទ្រអភិវឌ្ឍនិងពង្រឹងខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ កែច្នៃ រហូតដល់ទីផ្សារ និងនាំចេញធ្វើយ៉ាងណាឲ្យកសិករ និងសហគមន៍កសិកម្មទំនើប ទទួលបានផលចំណេញ និងតម្លៃខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះ ADB ក៏អាចពិនិត្យលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់មន្ទីរពិសោធន៍៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្មនិងចំណីអាហារ ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់ការប្រើប្រាស់ផងដែរ។ ឯកឧត្តម ឌិតទីណា និងក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (Mid-termReview Mission ADB) និងបន្តកិច្ចសហការគ្នាបន្ថែមទៀតដោយនឹងពិនិត្យតាមដានរួមគ្នា ក្នុងការអនុវត្តគម្រោងខាងលើឲ្យមានប្រសិទ្ធភាពនិងមាននិរន្តរភាព ដែលអាចផ្តល់ប្រយោជន៍ដល់កសិករបានយ៉ាងពិតប្រាកដ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236