ក្រសួងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា ចុះអនុស្សរណៈផ្តល់កម្ចីឱ្យសហគមន៍កសិកម្មទំនើប
Posted by -
Phong Somphors
Published on -
18/9/2024 12:39 AM

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈយោគយល់គ្ន (MOU)ជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបតាមរយៈការប្រើប្រាស់សេវាធានាឥណទាន។ MOU ដែលធ្វើនៅទីស្តីការក្រសួងកសិកម្មនាថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។

ថ្លែងក្នុងពិធីចុះ MOU ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ឱ្យដឹងថា MOU នេះធ្វើឡើងដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបឱ្យមានមូលដ្ឋានបច្ចេកទេសផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិតនិងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ដូច្នេះថា៖«សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេសប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ»។

រដ្ឋមន្ត្រីកសិកម្មរូបនេះ បានបន្ថែមយ៉ាងដូច្នេះថាប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើបនឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា​ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឌិត ឌីណា អះអាងថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC)ជាដៃគូដ៏ល្អមួយ តាមរយៈការវាយតម្លៃនិងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្មទំនើបឱ្យជាចេញជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យ។ ឯកឧត្តមបញ្ជាក់៖«ជជោគជ័យនៅក្នុងវិស័យកសិកម្មត្រូវការការចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរនិងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំណរគុណ CGCC ដែលបានចូលរួមជាដៃគូនិងប្រឹងប្រែងធ្វើការរួមគ្នារហូតឈានដល់ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ដែលនឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករដើម្បីឈានទៅទទួលផលល្អប្រសើរតាមការរំពឹងទុក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236