កម្ពុជា បាននាំចេញអង្ករជាង៤១ម៉ឺនតោន រកចំណូលបានជាង ៣០៥លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
16/9/2024 1:03 AM

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន ៤១២ ០២៣តោន ទៅកាន់គោលដៅចំនួន៦៥ តាមរយៈក្រុមហ៊ុនចំនួន៥៣ ដែលគិតជាទឹកប្រាក់មានចំនួន ៣០៥,១៥លានដុល្លារ ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

អង្ករ ដែលកម្ពុជានាំចេញចំនួន ៤១២ ០២៣តោននេះ គឺទៅកាន់បណ្តាប្រទេសមួយចំនួន មានដូចជាប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស កម្ពុជាបាននាំចេញអង្ករចំនួន ២០៨ ២០៧តោន គិតជាទឹកប្រាក់ ១៦១,៧០លានដុល្លារ។ ក្នុងនោះ ប្រទេសសមាជិកអាស៊ាននាំចេញអង្ករបាន ៨៣ ០៩៥តោន មានទឹកប្រាក់ ៥៦,៨៩លានដុល្លារ។ ចំណែកឯ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ៧៧ ៧៩២តោន មានទំហំទឹកប្រាក់ ៤៨,៨៧លានដុល្លារ។ ដោយឡែក ការនាំចេញទៅ កាន់ប្រទេសផ្សេងៗទៀតចំនួន ២៩ប្រទេស នៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៤២ ៩២៩តោន គិតជាទឹកប្រាក់ចំនួន ៣៧,៦៩លានដុល្លារ។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ប្រភេទអង្ករ ដែលកម្ពុជានាំចេញមាន អង្ករក្រអូបចំនួន ៧០,៩២%, ប្រភេទអង្ករសគ្រាប់វែង ២៣,៧៥%, អង្ករចំហ៊ុយ ៣,១៣%,អង្ករសរីរាង្គចំនួន ១,៨៩%និងអង្ករផ្សេងៗទៀតចំនួន ០,៣២%។ ក្រៅពីការនាំចេញអង្ករខាងលើ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៣ ៣១៨ ៥៩២តោន គិតជាទឹកប្រាក់ ៩១៨,១៦លានដុល្លារផងដែរ ដែលក្នុងនោះ ៨៣,៧៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236