គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ដែលមានតម្លៃ២៤៣លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ
ភ្នំពេញ៖ គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ដែលមានប្រវែង៣៥០ម៉ែត្រ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ ក្នុងតម្លៃសាងសង់ប្រមាណ ២៤៣លានដុល្លារ។ ការបើកដ្ឋានសាងសង់នេះ ស្ថិតក្រោមអធិបតីភាពសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ចំណតផែកុងតឺន័រដែលមានជម្រៅ ១៤,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺន DWT ស្មើនឹង ៤ពាន់ TEUs មានផ្លូវដឹកជញ្ជូនក្នុងតំបន់ប៉ាស៊ីហ្វិកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលអាចបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUsក្នុងមួយឆ្នាំ។ គម្រោងនេះទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន និងរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗ។ គម្រោងសាងសង់នេះ អនុវត្តន៍ដោយក្រុមហ៊ុន TOACorporation ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន NipponKoei និងក្រុមហ៊ុន Oriental Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។
បើតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចធិបតីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននិងការអភិវឌ្ឍប្រទេសជាតិ ដោយបរិមាណទំនិញឆ្លងកាត់កំពង់ផែនេះមានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែនិងប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់។ ប្រភពដដែលបាន ឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តខេត្តព្រះសីហនុមានទំនិញឆ្លងកាត់ជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ដែលធ្វើឱ្យចំណូលអាជីវកម្មមានទឹកប្រាក់ជាង ៨៥លានដុល្លារ៕