ផ្សារមូលបត្រកម្ពុជា និងសប្បុរសជនបរិច្ចាគជាង ៧,៧ពាន់ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (ផមក)សហការជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធី “CSXFUN RUN 2023” ក្រោមប្រធានបទ «រត់ដើម្បីកុមារកម្ពុជា»កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រមូលបានចំណូលប្រមាណ ៧,៧៧៧ដុល្លារ ពីការសំបុត្រចូលរួម និងការបរិច្ចាគពីសប្បុរជនដើម្បីប្រគល់ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជាកម្មវិធីខាងលើនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖ ទី១. បំផុសចលនាលេងកីឡានិងការធ្វើសកម្មភាពសប្បុរសធម៌។ ទី២. កៀរគរថវិកាដែលបានពីការលក់សំបុត្រដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ទី៣. បង្កបរិយាកាសជួបជុំរវាងថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកនៃស្ថាប័នទាំងអស់ រួមជាមួយវិនិយោគិនក្នុងវិស័យមូលបត្រ។ និងទី៤ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីទីផ្សារមូលបត្រទៅសាធារណជនទូទៅ។
ឯកឧត្តម ហុង សុហួរបានលើកឡើងនៅក្នុងកម្មវិធីខាងលើថា មនុស្សគ្រប់គ្នាសុទ្ធតែមានចំណែកក្នុងការជួយផ្លាស់ប្តូរជីវិតកុមារកម្ពុជាដែលកំពុងជួបប្រទះនូវបញ្ហាសុខភាពផ្សេងៗនិងជួយផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើង។ លើសពីនេះ ឯកឧត្តម ហុងសុហួរ បានក្រើនរំលឹកផងដែរថា ការលេងកីឡា ប្រៀបដូចជាការវិនិយោគលើសុខភាព ចំណែកការបរិច្ចាគ ជាការវិនិយោគលើការកែប្រែសង្គមឲ្យល្អប្រសើរ រីឯការទិញភាគហ៊ុនជាការវិនិយោគសេរីភាពហិរញ្ញវត្ថុនៅពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិក៏បានឲ្យដឹងដែរថា ទីផ្សារមូលបត្រកម្ពុជាបាននឹងកំពុងមានភាពប្រសើរឡើងគួរឲ្យកត់សម្ពាល់ដោយបានផ្លាស់ប្តូរពីការបោះជំហ៊ានដើរបន្តិចម្តង ទៅជាការចាប់ផ្តើមរត់ដែលមានភាពស្រដៀងគ្នាទៅនឹងព្រឹត្តការណ៍ខាងលើផងដែរ៕