និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឱ្យក្រុមហ៊ុន/គម្រោងចំនួន៤ បង់ប្រាក់ពិន័យសរុប ២៥០លានរៀល
Posted by -
Phoung Somphors
Published on -
29/12/2023 11:42 PM

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប) កោះហៅម្ចាស់ក្រុមហ៊ុន/គម្រោងចំនួន៤ឲ្យចូលខ្លួនបង់ប្រាក់ផាកពិន័យសរុបប្រមាណ ២៥០លានរៀល។ដោយម្ចាស់ក្រុមហ៊ុន/គម្រោងទាំងនេះ បានប្រព្រឹត្តល្មើសនឹងប្រកាសលេខ៥០ អនក្រ.បកចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុនិងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ»។

បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំកាលពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣នេះ ម្ចាស់ក្រុមហ៊ុន/គម្រោងទាំង៤ ខាងលើ រួមមាន៖ ទី១.គម្រោងអភិវឌ្ឍលំនៅឋានសំណង់ផ្ទះល្វែង ភូ ស៊ីណូ ស្ថិតនៅភូមដង្គារ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ទី២. គម្រោងដីឡូត៍វីឡា KS ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី៣.ក្រុមហ៊ុន ស្វាសធីកា អ៊ិនវេសម៉ិន ឯ.ក ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាបក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ និងទី៤ គម្រោងដីឡូត៍មជ្ឈមណ្ឌលពាណិជ្ជកម្មព្រៃផ្តៅ២ស្ថិតនៅភូមិកែវមុន្នី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ ន.អ.ប បានឲ្យដឹងថាក្រុមហ៊ុន/គម្រោងខាងលើ ទទួលបានលិខិតផាកពិន័យរួចរាល់ហើយប៉ុន្តែមកពេលនេះម្ចាស់ក្រុមហ៊ុន/គម្រោងនេះនូវមិនទាន់បានចូលខ្លួនបង់ប្រាក់ផាកពិន័យនៅឡើយទេ ដូច្នេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅម្ចាស់ក្រុមហ៊ុន/គម្រោង ត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យតាមកាលកំណត់ដោយមិនឲ្យលើសពី១៥ថ្ងៃ ជាកំហិត។

ក្នុងករណី ម្ចាស់ក្រុមហ៊ុន/គម្រោងខាងលើបន្តគេចវេះមិនអនុវត្តតាមការណែនាំខាងលើ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236