ផ្សារមូលបត្រកម្ពុជា អនុម័តឲ្យក្រុមហ៊ុនស៊ីអាយអេ ហ្វឺស ចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មក្នុងទំហំទឹកប្រាក់សរុប ១០លានដុល្លារ
Posted by -
Phoung Somphors
Published on -
30/12/2023 12:14 AM

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (ផមក)និងក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អ៊ិនធើណេសិនណល ស្គូលបានប្រារព្ធពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ កាលពីថ្ងៃទី២៧ ខែធ្នូនេះ។សញ្ញាបណ្ណសាជីវកម្មនេះ មានឈ្មោះថា «សញ្ញាបណ្ណមានបុគ្គលធានាស៊ីអាយអេ ហ្វឺស ១» ដែលមានបុគ្គលធានាពីសំណាក់មូលនិធិធានាឥណទាននិងជំរុញការវិនិយោគ ជាមួយទំហំបោះផ្សាយសរុបប្រមាណ ៤០ប៊ីលានរៀល (ប្រមាណ១០លានដុល្លារ) អត្រាគូប៉ុង ៦,៣០% ក្នុងមួយឆ្នាំនិងមានឥណទានប្រតិទានចំនួន៥ឆ្នាំ (២០២៣-២០២៨)។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា ចំនួនទឹកប្រាក់សរុបដែលបានពីការបោះផ្សាយខាងលើនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួនក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគារថ្មីបន្ថែមឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម ស៊ូ សុជាតិប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថាការចុះបញ្ជីលក់សញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុនខាងលើ នាពេលនេះបានបង្ហាញឲ្យឃើញថាទីផ្សារមូលបត្រកំពុងតែមានការរីកចម្រើនជាមួយនឹងកំណើននៃក្រុមហ៊ុនចុះបញ្ជីនិងបានឆ្លុះបញ្ចាំងឲ្យឃើញថា ក្រុមហ៊ុន និងវិនិយោគិនកំពុងផ្តល់ទំនុកចិត្តដល់ទីផ្សារមួយនេះដោយផ្សារមូលបត្របានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុននិងជាឱកាសវិនិយោគសម្រាប់វិនិយោគិនផងដែរ។

ក្នុងពីធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មដដែរនេះឯកឧត្តម ហុង សុហួរ ប្រតិភូរដ្ឋាភិបាលទទួលបន្ធុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានឲ្យដឹងដែរថា ឆ្នាំ២០២៣នេះ ជាឆ្នាំដ៏ពិសេសមួយដែលផ្សារមូលបត្រកម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេ ក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិមានចំនួន២និងក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មានមចំនួន៣។ ជាមួយគ្នានេះ ឯកឧត្តម ហុងសុហួរ ក៏បានស្នើសុំឲ្យមានការគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់បន្តអភិវឌ្ឍទីផ្សារមូលបត្រមួយនេះ ឲ្យបោះជំហានទៅមុខមួយកម្រិតទៀត។

ដោយឡែក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស៊ីអាយអេ ហ្វឺស អ៊ិនធើណេសិនណល ស្គូល លោកឧកញ៉ាបណ្ឌិត ត្រាំង លី បានបញ្ជាក់ថាសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺស អ៊ិនធើណេសិនណល ស្គូល បានបង្កើតឡើងនៅឆ្នាំ២០០៤ជាមួយនឹងសិស្សត្រឹមតែ ១៧នាក់ប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ ចំនួនសិស្សមានការកើនឡើងដល់៥០០០នាក់ហើយ ចំណែកសាលាមានចំនួន ៣ទីតាំង។ លោកឧកញ៉ាបណ្ឌិត ត្រាំង លី បានបន្ថែមថាការចុះបញ្ជីក្នុងថ្ងៃនេះ ជាការបោះជំហានថ្មីមួយទៀតរបស់សាលាអន្តរជាតិនេះក៏ដូចជាវិស័យអប់រំឯកជន ក្នុងការកៀរគរទុនពីសំណាក់វិនិយោគិនគុណវុឌ្ឍិដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព និងចីរភាពនៅកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236