កម្ពុជា រកចំណូលបាន ៤៦៦លានដុល្លារ ពីការលក់អង្ករទៅទីផ្សារអន្តជាតិ ក្នុងឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
9/1/2024 1:10 AM

ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ កម្ពុជា រកចំណូលបានពីការនាំចេញអង្ករចំនួន ៦៥៦ ៣២៣តោន មានការកើនឡើង ៣% ស្មើនឹងទឹកប្រាក់ ៤៦៦លានដុល្លារ។ ចំនួនទឹកប្រាក់នេះបានកើនឡើង ១៣% បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។

បើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ការនាំចេញអង្ករជាង៦៥ម៉ឺនតោននេះ មានជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩%, អង្ករសគ្រាប់វែងចំនួន ១២.៩៤%, អង្ករចំហ៊ុយចំនួន២.៩២%, អង្ករសរីរាង្គចំនួន ១.៦២%, អង្ករដំណើបចំនួន ០.២% និង ០.០៣% ជាប្រភេទអង្ករសគ្រាប់ខ្លី។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែរថា មានប្រទេសចំន៍ន២៦ នៅអឺរ៉ុបដែលកម្ពុជា បាននាំចេញអង្ករទៅក្នុងទំហំ២៦៤ ៦៨៣តោន មានទំហំ ១៩១លានដុល្លារ។ ចំណែកឯ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត សម្រេចបាន ២១២ ៧៥៦តោន ស្មើនឹងទឹកប្រាក់ ១៣៨លានដុល្លារ។ ដោយឡែក្នុងប្រទេសអាស៊ានមាន៧ប្រទេស ដែលកម្ពុជាបាននាំចេញចំនួន ៩៣ ៣៧៦ តោន ក្នុងទំហំទឹកប្រាក់ ៦២ លានដុល្លារ និងប្រទេស២៦ ផ្សេងទៀតនៅអាហ្វ្រិក មជ្ឈិមបូព៌ាសម្រេចបាន ៨៥ ៥០៨តោន មានចំនួន ៧៦លានដុល្លារ។

ចំពោះការនាំចេញស្រូវវិញ ក្នុងឆ្នាំ២០២៣ កម្ពុជា បាននាំចេញទៅកាន់ប្រទេសជិតខាងចំនួន ៤ ៣៨៧ ៣៦៣តោន កើនឡើង២៦.៥០% ស្មើនឹង ១.៣២ពាន់លានដុល្លារ កើនឡើងបាន ៥៦.៦៩% បើធៀបនឹងឆ្នាំ២០២២កន្លងទៅ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236