សម្តេចធិបតី ហ៊ុន ម៉ាណែតសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ«ស្ពានសម្តេចតេជោ ហ៊ុន សែនកោះយ៉» ក្នុងខេត្តកោះកុង
ភ្នំពេញ៖ «ស្ពានសម្ដេចតេជោហ៊ុន សែន កោះយ៉» នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានតម្លៃប្រមាណ១,៤លានដុល្លារ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅព្រឹកថ្ងៃទី០៨ខែមករា ឆ្នាំ២០២៤នេះ។
ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ដែលបានសងសង់ជំនួសស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោមនោះ នឹងជួយសម្រួលសេដ្ឋកិច្ចនៅក្នុងសហគមន៍,អ្នកទេសចរ និងប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនផងដែរ។ សមិទ្ធផលថ្មីនេះទទួលបានថវិកាសាងសង់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រីនិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកឧកញ៉ា លី យ៉ុងផាត់សមាជិកព្រឹទ្ធសភា ដែលចំណាយលើការស្ថាបនាប្រមាណ ១,៤លានដុល្លារ។
ក្នុងពិធីសម្ពោធស្ពានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ដែលមកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១,រោងចក្របង្គុំខ្សែភ្លើង ចំនួន១, រោងចក្របរិក្ខារអេឡិចត្រូនិកចំនួន១, រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន១និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន ១ផងដែរ៕