រដ្ឋាភិបាល ចំណាយលុយជិត ៥លានដុល្លារក្នុងរយៈពេល៣ខែឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ
Posted by -
Phoung Somphors
Published on -
17/1/2024 12:20 AM

ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីសម្ពោធស្ពានកោះយ៉និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុងកាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ក្នុងរយៈពេល ៣ខែកន្លងមកនេះរាជរដ្ឋាភិបាល បានចំណាយថវិកាជិត ៥លានដុល្លារ ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ។

ការអនុវត្តកម្មវិធីឧបត្ថម្ភទឹកប្រាក់ដល់ស្ត្រីមានផ្ទៃពោះសម្តេចធិបតីថា រដ្ឋាភិបាលបានធ្វើរួចមកហើយ ទាំងមុនពេលសម្រាល ពេលសម្រាលនិងក្រោយពេលសម្រាលកូន។ ក្នុងរយៈពេល ៣ខែមកនេះ រដ្ឋាភិបាលចំណាយថវិកាជិត៥លានដុល្លារសម្រាប់ការឧបត្ថម្ភថ្មីៗជូនដល់ស្រ្ដីមានផ្ទៃពោះ។

សម្តេចធិបតី បន្តថា នៅថ្ងៃនេះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនេះ កម្មការិនីដែលមានផ្ទៃពោះលើសពី៣ខែ ប្រមាណ ៥០០នាក់ ខណៈដែលសម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋនៅក្នុងខេត្តកោះកុង បន្តយកកូនបន្ថែម ដើម្បីធ្វើឱ្យខេត្តនេះមានចំនួនប្រជាពលរដ្ឋកើនឡើង។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថាបច្ចុប្បន្នរដ្ឋាភិបាលកំពុងដាក់ផែនការក្នុងការអភិវឌ្ឍតំបន់ឆ្នេរ ដោយផ្ដោតលើខេត្តទាំង៤។ចំពោះខេត្តកោះកុង មានផែនការនៅក្នុងការពង្រឹងឧស្សាហកម្មមួយចំនួនព្រោះសេដ្ឋកិច្ចឧស្សាហកម្មនៅខេត្ត អាចនឹងរីកលូតលាស់លឿន ក្នុងរយៈពេល១០ឆ្នាំទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236