ប្រមុខរដ្ឋាភិបាល បានហាមឃាត់មិនឱ្យនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល៦ខែ
Posted by -
Phoung Somphors
Published on -
16/1/2024 12:00 AM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសរួមចាត់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមសេចក្តីសម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ការប្រកាសរួមរបស់ក្រសួងទាំងពីរនេះ គឺដាក់បម្រាមការនាំចូលជាបណ្តោះអាសន្ន ក្នុងរយៈពេល៦ខែ ដោយចាបផ្តើមពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសស្តីពី«វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក» នៅថ្ងៃទី១២ មករានេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល០៦ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយចំនួន៨ប្រភេទនិងមុខទំនិញ។

មុខទំនិញដែលដាក់បម្រាមមិនឱ្យនាំចូលមកកម្ពុជានោះ រួមមាន៖ អណ្តាតសត្វគោក្របីបង្កក, ថ្លើមសត្វគោក្របីបង្កក, គ្រឿងក្នុង (Offal) បង្កកផ្សេងទៀតនៃសត្វគោក្របី ដែលអាចបរិភោគបានក្រៅពីអណ្តាតនិងថ្លើម, ថ្លើមសត្វជ្រូកបង្កក, ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើមសត្វជ្រូកបង្កក ដែលអាចបរិភោគបាន, ថ្លើមសត្វមាន់បង្កក, សាច់និងគ្រឿងក្នុង (Offal) បង្កកផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាបទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ និង ពោះវៀន ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វ(លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។

«វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ»។ នេះបើយើងតាមសេចក្តីប្រកាសរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរបញ្ជាក់យ៉ាងដូច្នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236