ភាគីក្រុមហ៊ុន សម្រេចបញ្ចុះតម្លៃពី៣៣ ទៅ៥០% សម្រាប់ចំណតនិងប្រើផ្លូវចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
Posted by -
Phoung Somphors
Published on -
17/1/2024 12:20 AM

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសលទ្ធផលពីដំណោះស្រាយទាក់ទងនឹងតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្តសារជាថ្មី ដោយភាគីក្រុមហ៊ុនសម្រេចបញ្ចុះតម្លៃចាប់ពី៣៣%ដល់ ៥០% ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។

តាមរយៈលទ្ធផលប្រជុំរវាងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនិងក្រុមការងារចំពោះកិច្ច កាលពីថ្ងៃទី១១ ខែមករានេះ ក្រុមហ៊ុនបានសម្រេចឯកភាព មិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងព្រលានក្រោមរយៈពេល១៥នាទីសម្រាប់រថយន្តធុនតូចមិនលើសពី៧កៅអី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

ក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដែលបណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាននិងផ្លូវនេះ ក៏បានយល់ព្រមបញ្ចុះតម្លៃបន្ថែមក្នុងការប្រើប្រាស់សម្រាប់គ្រប់ប្រភេទយានយន្តសម្រាប់រយៈពេល២ឆ្នាំដោយត្រូវចាប់ផ្តើមអនុវត្តចាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

តារាងតម្លៃថ្មី បានចុះតម្លៃសម្រាប់សេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត បានកំណត់តាមប្រភេទយានយន្ត។ចំពោះ ប្រភេទយានយន្ត A បញ្ចុះតម្លៃ៥០% នៅសល់២ដុល្លារ ចតក្រោម១៥នាទីមិនគិតថ្លៃ។ ចំណែក ប្រភេយានយន្ត B បញ្ចុះតម្លៃ៤៥%នៅសល់៤ដុល្លារ ចតក្រោម៣០នាទី មិនគិតថ្លៃ។ រីឯ ប្រភេទយានយន្ត C បញ្ចុះតម្លៃ៤៥% នៅសល់៦ដុល្លារ ចតក្រោម៣០នាទី មិនគិតថ្លៃ ខណៈដែលប្រភេទយានយន្តD បញ្ចុះតម្លៃ៣៣% នៅសល់៨ដុល្លារ និងចតក្រោម៣០នាទី មិនត្រូវគិតថ្លៃនោះទេ។

ក្នុងកិច្ចប្រជុំនោះក៏បានឯកភាពគ្នាក្នុងការបង្កើតគណៈកម្មការអន្តរក្រសួងផងដែរ ដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដីដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងនឹងការជួសជុលថែទាំផ្លូវនិងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236