រដ្ឋ ដាក់ឱ្យមុខងារចំនួន៥ ឱ្យក្រុមហ៊ុនឯកជនកែប្រែព័ត៌មានក្នុងបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
Posted by -
Phoung Somphors
Published on -
17/1/2024 12:20 AM

ភ្នំពេញ៖ ក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន១០ ចេញសេចក្តីប្រកាសរួមគ្នាដោយដាក់ឱ្យដំណើរការមុខងារចំនួន៥ សម្រាប់ចុះបញ្ជី និងកែប្រែព័ត៌មានក្រុមហ៊ុន និងសហគ្រាសលើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single​ Portal) ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះតទៅ។

មុខងារបច្ចេកវិទ្យាទាំង៥ ដែលក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល បានរៀបចំនោះមាន កែប្រែព័ត៌មាន លម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, កែប្រែលក្ខន្តិកៈក្រុមហ៊ុន,កែប្រែសកម្មភាពអាជីវកម្ម, តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនិងកែប្រែព័ត៌មានគណនីធនាគារ។

មុខងារទាំង៥ ដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៥ខែមករា ឆ្នាំ២០២៤នេះ នឹងត្រូវដំណើរការតាមអនឡាញទាំងស្រុងដោយមិនមានតម្រូវការវត្តមានទៅផ្ទាល់ដល់ទីកន្លែងទៀតទេ។ សមិទ្ធផលនេះគឺជាការឆ្លើយតបទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាលបានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

ឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានកត់ត្រានូវការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ដែលបង្កឱ្យបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជានិងបង្កើនភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ ប្រព័ន្ធនេះ អាចបញ្ចូលសេវាចុះបញ្ជីអាជីវកម្មចូលក្នុងប្រព័ន្ធអនឡាញនិងបានប្រែក្លាយការចុះបញ្ជីអាជីវកម្ម ផ្អែកលើគោលការណ៍ចំនួន៣  គឺការកាត់បន្ថយចំណាយ, ការកាត់បន្ថយថិរវេលា, និងការកាត់បន្ថយនីតិវិធីស្មុគស្មាញ។

តាមរយៈការចុះផ្សាយខាងលើ ក្រុមហ៊ុន សហគ្រាសដែលមានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងដំណើរមុខងារចុះបញ្ជីកែប្រែព័ត៌មាននិងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អាចចូលទៅកាន់គេហទំព័រ www.registrationservices.gov.khឬលេខទូរស័ព្ទ 081 888 296 ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236