សហភាពអឺរ៉ុប គ្រោងផ្តល់ជំនួយឥតសំណងជិត៩៤លានដុល្លារ ឱ្យកម្ពុជា អភិវឌ្ឍន៍កម្មវិធីចំនួន៤
Posted by -
Phoung Somphors
Published on -
24/1/2024 3:34 PM

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ស្មើនឹងប្រមាណ៩៤លានដុល្លារ សម្រាប់កម្មវិធីសំខាន់ៗចំនួន៤ នៅកម្ពុជា។ ជំនួយនេះស្ថិតនៅក្នុងក្របខណ្ឌGlobal Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ក្នុងគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូដើម្បីបង្កើនវិសាលភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចអន្តរាគមន៍របស់ខ្លួន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌ្រីសម៉ាន់ រីហ្គោរ៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាក្នុងជំនួបជាមួយនឹងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យុទ្ធសាស្ត្រ Global Getway ប្រទេសនៅក្នុងតំបន់អឺរ៉ុបនិងប្រទេសជាសមាជិក EU ដែលជារួមហៅថា«Team Europe» បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives - TEIs) គឺទី១. TEI 1ផ្តោតលើចីរភាពខ្សែច្រវាក់តម្លៃកសិកម្ម និងទី២. TEI 2ផ្តោតលើថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។ តាមរយៈគំនិតផ្តួចផ្តើមនេះ ឯកឧត្តមឌ្រីសម៉ាន់ រីហ្គោរ៍ បញ្ជាក់ថាបង្កើតឡើងដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ានតាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ។

ចំពោះជំនួយដែលសហភាពអឺរ៉ុបគ្រោងផ្តល់នោះមានកម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្មនិងអាហារប្រកបដោយចីរភាព, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជាសម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤- ២០២៧ និងកម្មវិធីពាណិជ្ជកម្មនិងវិស័យឯកជន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236