កន្លះខែឆ្នាំ២០២៤ CDC អនុម័តគម្រោងចំនួន១០ មានទុនវិនិយោគជាង៦០លានដុល្លារ និងបង្កើតការងារជាង ១២ម៉ឺនកន្លែង
Posted by -
Phoung Somphors
Published on -
24/1/2024 3:34 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រឹមរយៈពេលកន្លះខែដើមឆ្នាំ២០២៤ បានអនុម័តគម្រោង វិនិយោគចំនួន១០ដែលមានទុនវិនិយោគជាង ៦០លានដុល្លារ តាមសំណើរបស់ក្រុមហ៊ុនវិនិយោគ។ តាមសេចក្តីប្រកាសព័ត៌មានរបស់CDC នៅថ្ងៃទី១៧ ខែមករានេះ គម្រោងទាំង១០នោះ គ្រោងនឹងបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺចំនួន៥,ភ្នំពេញចំនួន២, ខេត្តតាកែវចំនួន២ និងខេត្តកណ្តាលចំនួន១ដែលអាចបង្កើតការងារសរុបជាង១២ម៉ឺនកន្លែង។

គម្រោងវិនិយោគដែលទទួលបានការអនុម័តគិតត្រឹមថ្ងៃទី១៥ខែមករា ឆ្នាំ ២០២៤ ចំនួន៥នៅខេត្តកំពង់ស្ពី មាន៖ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣នៅក្រុងច្បារមន, ស្រុកសំរោង និងស្រុកសំរោងទង។ ចំពោះ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់, កាបូប, និងស្បែកជើង គឺស្ថិតនៅក្នុងស្រុកសំរោងទង ខណៈដែលគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក(ធុងទឹកកក, ធុង និងប្រអប់រក្សាកម្ដៅ, និងទូកកៃយ៉ាក់) គឺនៅស្រុកគងពិសី។

សម្រាប់គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទនិងគ្រឿងបន្លាស់ នៅស្រុកត្រាំកក់ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកស្ថិតនៅស្រុកសំរោង ខេត្តតាកែវ។ ចំណែកឯ រាជធានីភ្នំពេញមានគម្រោងវិនិយោគចំនួន២ដូចគ្នា គឺគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងនិងគ្រឿងបន្សំស្បែកជើង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែក គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ គឺស្ថិតនៅស្រុកស្អាង ក្នុងខេត្តកណ្តាល៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236