រដ្ឋាភិបាល និងធនាគារវីង សហការគ្នាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ
Posted by -
Phoung Somphors
Published on -
24/1/2024 3:34 PM

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចុះ MOU ស្តីពី«កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ជាមួយធនាគារវីងដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ 

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ខែមករាកន្លងទៅ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារវីង គឺជាការបើកទំព័រថ្មីមួយដែលជំរុញនិងពង្រីកកិច្ចសហការកាន់តែប្រសើរ។ កិច្ចសហការនេះនឹងធ្វើឡើងតាមរយៈការចែករំលែកចំណេះដឹងបទពិសោធ ការចូលរួមប្រើប្រាស់ថ្នាលឌីជីថល ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចឌីជីថលនិងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតគង់ ម៉ារី បានឱ្យដឹងថា វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលនិងក្នុងដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ រដ្ឋលេខាធិការរូបនេះទឹកចិត្តឱ្យមានការសហការគ្នាបន្តទៀត ដើម្បីជំរុញការបង្កើតផលិតផលឬសេវាថ្មីៗប្រកបដោយភាពច្នៃប្រឌិតផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។

សម្រាប់ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង អ្នកឧកញ៉ាគិត ម៉េង បានគូសបញ្ជាក់ថា កិច្ចសហការនេះ ជាកិច្ចសហការដ៏មានសារសំខាន់រវាងស្ថាប័នរដ្ឋាភិបាលនិងវិស័យឯកជន ក្នុងការលើកកម្ពស់ និងការរស់នៅឱ្យកាន់តែប្រសើរ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលការវិនិយោគលើបច្ចេកវិទ្យា និងការឈានទៅរកចក្ខុវិស័យរួមគ្នាអាចផ្តល់នូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា កាន់តែងាយស្រួល។

គម្រោងដែលក្រសួងសេដ្ឋកិច្ច និងធនាគារវីង សហការក្នុងវិស័យធុរកិច្ចថ្មីនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ មានដូចជា ការទទួលយកការធានាប្រាក់កក់សម្រាប់ការដេញថ្លៃនិងប្រាក់កក់ធានា, ការអនុវត្តកិច្ចសន្យាក្នុងលទ្ធកម្មសាធារណៈ,មធ្យោបាយទូទាត់ប្រាក់លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសម្រាប់ការប្រមូលចំណូល សារពើពន្ធនិងមិនមែនសារពើពន្ធ និងដំណោះស្រាយបើកប្រាក់បៀវត្សរ៍ជាដើម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236