ក្រុមហ៊ុន Telcotech ត្រូវបានចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា
Posted by -
Phoung Somphors
Published on -
24/1/2024 3:34 PM

ភ្នំពេញ៖ ក្រុមហ៊ុន តែលកូថេក (Telcotech​​ Ltd.) នៅផ្សារមូលបត្រកម្ពុជា (ផមក) ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។ នេះបើតាមផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដែលបានរៀបចំពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុនតែលកូថេក។

ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានឱ្យដឹងថាការចុះបញ្ជីលក់មូលបត្រ ក្នុងថ្ងៃនេះ គឺជាការចុះបញ្ជីលក់មូលបត្របំណុលលើកទី២របស់ក្រុមហ៊ុន ខណៈដែលការចុះបញ្ជីលក់មូលបត្របំណុលលើកទី១ កាលពីឆ្នាំ២០២១។តាមរយៈទីផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនបានកៀរគរទុនបោះផ្សាយលើទី២នេះ ប្រមាណ ២០លានដុល្លារបន្ថែមទៅលើការបោះផ្សាយលើកទី១ ដែលមានប្រមាណ ២០លានដុល្លារទៀត។

ឯកឧត្តម ហ៊ាន សាហ៊ីប វាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបដែលបាននាំក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនក្នុងការបោះជំហានចូលរួមយ៉ាងសកម្មក្នុងផ្សារមូលបត្រកម្ពុជាតាមរយៈការចុះបញ្ជីលក់មូលបត្រ។ ទាំងនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញថា ផ្សារមូលបត្រកម្ពុជាមិនត្រឹមតែជាប្រភពកៀរគរមូលធនមិនចេះរីងស្ងួតសម្រាប់ក្រុមហ៊ុនហើយថែមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និង ពង្រីកវិសាលភាព និងសក្តានុពលអាជីវកម្មរបស់ក្រុមហ៊ុន ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ថាការបោះផ្សាយលក់មូលបត្រ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ការគ្រប់គ្រង និងអភិបាលកិច្ចក្រុមហ៊ុនក៏ដូចជាសង្គមសេដ្ឋកិច្ចជាតិទាំងមូល តាមរយៈការបង្កើនប្រសិទ្ធភាពមូលធន, ការលើកកម្ពស់ភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មប្រភពធនធានហិរញ្ញវត្ថុ,ការបង្កើនប្រភពចំណូល និងជម្រើសបន្ថែមសម្រាប់វិនិយោគិន, ប្រចក្សភាពនៃតម្លៃរបស់ក្រុមហ៊ុន និងពង្រឹងតម្លាភាព និងអភិបាលកិច្ចសាជីវកម្ម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236