ឆ្នាំ២០២៣ ពន្ធដារ ប្រមូលចំណូលបានជាង ៣,៦ពាន់លានដុល្លារ
Posted by -
Phoung Somphors
Published on -
31/1/2024 1:06 AM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការ។នេះបើតាមការបង្ហាញរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣មករានេះ។

អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល ឱ្យដឹងក្នុងពិធីបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូនិងឆ្នាំ២០២៣ និងលើកទិសដៅបន្ត ថា គិតរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ១៤ ៦២៩,១០ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។បើធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ កើនឡើងចំនួន ៦២៨,២៨ ប៊ីលានរៀល (ប្រមាណជា ១៥៥,១៣ លានដុល្លារ)ស្មើនឹង ៤,៤៩% ។

ឯកឧត្តមអគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រាប់ពីចំណូលនៅក្នុងខែធ្នូឆ្នាំ២០២៣ ផងដែរថា ការប្រមូលពន្ធតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារបាន ១ ០៧២,៣១ ប៊ីលានរៀល (ប្រមាណជា ២៦៤,៧៧ លានដុល្លារ) ស្មើនឹង ៧,៤១%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធបានរម្លឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤គឺជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។

អគ្គនាយកដ្ឋានពន្ធដារបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ របស់រាជរដ្ឋាភិបាលដែលផ្ដោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មគោលនយោបាយនិងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។

ជាក់ស្តែង លទ្ធផលចំណូលសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំនៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ គឺឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧,៣២ ប៊ីលានរៀល ស្មើនឹង ១២៣,២០%, ឆ្នាំ២០២០ ទទួលបាន ១១ ៧០០,៥២ ប៊ីលានរៀល ស្មើនឹង១០១,៣៦%, ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦,៧៩ ប៊ីលានរៀល ស្មើនឹង ១២៤,០២%, ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣,២០ ប៊ីលានរៀល ស្មើនឹង១២២,៥៤% និងឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩,១០ ប៊ីលានរៀល ស្មើនឹង ១០១,១៣% ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236