កំណើនឥណទាន ធ្លាក់ចុះមកត្រឹម ៤,៨% ជាអត្រាទាបបំផុតក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះ
Posted by -
Phoung Somphors
Published on -
31/1/2024 1:07 AM

ភ្នំពេញ៖ ការងើបឡើងយឺតនៃវិស័យមួយចំនួន ធ្វើឱ្យកំណើនឥណទានបានថមថយមកត្រឹម៤,៨% ដែលជាអត្រាទាបបំផុត ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

 

វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣និងទស្សនវិស័យឆ្នាំ២០២៤ នៅក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទោះបីការងើបឡើងនៃសេដ្ឋកិច្ចប្រព័ន្ធធនាគារដែលបន្តគ្របដណ្តប់វិស័យហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រដល់វិស័យសេដ្ឋកិច្ចចម្បងៗបើទោះបីល្បឿនកំណើនឥណទានបានថមថយក៏ដោយ។

 

ឥណទានគ្រឹះស្ថានធនាគារទៅកាន់វិស័យសណ្ឋាគារ និងភោជនីយដ្ឋានកើនឡើង០,៦% ខណៈពេលដែលការជួញដូរដុំកើន ៤,៨% ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនកើន៦,៤% ការជួញដូរអចលនទ្រព្យកើន ១៦,៩% និងសំណង់កើន១៣,៩% ។ នេះបើយោងតាមរបាយការណ៍ដដែល។ ធនាគារជាតិកម្ពុជា បានគូសបញ្ជាក់ថាស្ថិតិនៅក្នុងស្ថានភាពនេះ បទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនត្រូវបានអនុគ្រោះ ដើម្បីផ្ដល់លទ្ធភាពបន្ថែមដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការជួយទ្រទ្រង់វិស័យដែលត្រូវការ ហិរញ្ញប្បទានដើម្បីរក្សានិរន្តរភាពនិងពង្រីកការវិនិយោគ។

 

ការពន្យារពេលអនុវត្តការបង្កើនអត្រាប្រាក់បម្រុងកាតព្វកិច្ចជាដុល្លារនិងបទប្បញ្ញត្តិផ្សេងៗ បានផ្ដល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមានសន្ទនីយភាពបន្ថែមប្រមាណ១,២ ប៊ីលានដុល្លារ ដើម្បីផ្ដល់ឥណទានទៅ វិស័យអាទិភាព។ ទន្ទឹមនឹងនេះ ប្រព័ន្ធធនាគារបាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុស្រ្តី និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពដើម្បីពង្រឹងការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236