ពន្ធដារ កំណត់ការប្រាក់ទីផ្សារប្រាក់កម្ចីប្រចាំឆ្នាំ២០២៣ត្រឹម ៩,៦៦% ចំពោះប្រាក់រៀល, ៨,៧៥% ចំពោះប្រាក់ដុល្លារ
Posted by -
Phoung Somphors
Published on -
5/2/2024 11:08 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣ក្នុងនោះអត្រាការប្រាក់ចំនួន ៩,៦៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល និង ៨,៧៥%ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីកម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារប្រាប់ថា ការកំណត់យកអត្រាការប្រាក់នេះ ផ្អែកលើការគណនាមធ្យមភាគនៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន១២។អត្រាការប្រាក់នេះ ប្រើប្រាស់ក្នុងគោលដៅអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្ដល់ប្រាក់ឱ្យនិយោជិតខ្ចីនិងក្នុងគោលដៅកម្រិតអត្រាការប្រាក់លើការខ្ចីពីបុគ្គលទាក់ទិនតែប៉ុណ្ណោះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារអត្រាការប្រាក់ប្រចាំឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានកំណត់តាមអនុលោមបទប្បញ្ញត្តិនៃជំពូកទី៣ ប្រការ១៥ នៃប្រកាសលេខ ៥៤៣ សហវ.ប្រកចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីពន្ធលើប្រាក់បៀវត្ស សេចក្តីណែនាំលេខ ៧០១៥ អពដចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ស្តីពីការអនុវត្តកាតព្វកិច្ចកាន់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្តល់ប្រាក់កម្ចីដល់និយោជិត និងសេចក្តីណែនាំលេខ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែសភា ឆ្នាំ២០២២ស្តីពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236