ធនាគារជាតិ និងក្រសួងអប់រំ បង្ហាញពីកិច្ចសហការគម្រោង«បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះទូទៅ»
Posted by -
Phoung Somphors
Published on -
12/2/2024 9:36 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពីការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងមន្ត្រី និងភាគីពាក់ព័ន្ធប្រមាណ៤០០នាក់ចូលរួមផងដែរ។

ក្នុងសិក្ខាសាលា ដែលរៀបំធ្វើនៅអគារមណ្ឌលសិក្សាបច្ចេកទេសធនាគារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនៃកិច្ចសហការរវាងស្ថាប័នទាំងពីរនាពេលកន្លងមកជូនភាគីពាក់ព័ន្ធនិងសាធារណជនទូទៅ និងដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់បន្តអនុវត្តគម្រោងដំណាក់កាលទី៣នេះ។

បើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជាការអនុវត្តការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ បានចាប់ផ្តើមតាំងពីឆ្នាំ២០២៧មកម្ល៉េះ។ ធនាគារជាតិបានបញ្ជាក់ថា ដំណាក់កាលទី១ នៃការអនុវត្តគម្រោងនោះ គឺផ្តោតលើការងារកំណត់មុខវិជ្ជាដែលត្រូវបញ្ជ្រាបក្នុងចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅខណៈដែលដំណាក់កាលទី១ នៃការអនុវត្តគម្រោង ផ្តោតលើការងាររៀបចំឯកសារសិក្សាសម្រាប់គ្រូនិងសិស្សការងារបណ្តុះបណ្តាលគ្រូបង្គោល និងការងារបង្រៀនសាកល្បងសម្រាប់ថ្នាក់ទី៤ និងទី៧។

សម្រាប់ដំណាក់កាលទី ៣ នេះជាការបញ្ជ្រាបចំណេះដឹងផ្នែកហិរញវត្ថុទៅក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ដែលនៅសល់ចំនួន៧ថ្នាក់ រួមមាន៖ ថ្នាក់ទី៥, ៦, ៨, ៩, ១០, ១១ និង១២។ គម្រោងដំណាក់កាលទី ៣ មានរយៈពេល៣ឆ្នាំនិងត្រូវរៀបចំឯកសារសិក្សាសម្រាប់ថ្នាក់ ដែលនៅសល់ ដូចជាការបណ្តុះបណ្តាលគ្រូបង្គោលនិងការធ្វើតេស្តសាកល្បងនៅតាមសាលារៀនជាក់ស្តែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236