ADB ៖ កម្មវិធីបណ្តុះជំនាញបច្ចេកទេសដល់យុវជន១.៥លាននាក់ ជាគន្លឹះអភិវឌ្ឍន៍ប្រទេស និងទាក់ទាញអ្នកវិនិយោគបរទេស
Posted by -
Phoung Somphors
Published on -
7/2/2024 12:02 AM

ភ្នំពេញ៖ នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យចំនួន១.៥លាននាក់។ ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការងារ នាថ្ងៃទី៦មករានេះ លោកស្រីនាយកប្រតិបត្តិ រូបនេះ បញ្ជាក់ថា កម្មវិធីបណ្តុះជំនាញបច្ចេកទេសដល់យុវជន១.៥លាននាក់ ជាគន្លឹះអភិវឌ្ឍន៍ប្រទេស និងទាក់ទាញអ្នកវិនិយោគបរទេស។

លោកស្រី Rachel Thompson នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់នៅក្នុងជំនួបជាមួយនឹងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជនគឺជាឱកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនិងទាក់ទាញអ្នកវិនិយោគដែលកំពុងសម្លឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។

ការថ្លែងយ៉ាងដូច្នេះ គឺក្រោយពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ជូនសមភាគី ADB ពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់រដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជា ជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់មានជំនាញជាក់លាក់ស្របតាមស្តង់ដារ ដែលមានគុណវុឌ្ឍិនៃការបណ្តុះបណ្តាលច្បាស់លាស់។ការណ៍ ជាកត្តាធ្វើឱ្យសិក្ខាកាមទទួលបាននូវការងារសមរម្យដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ លោកស្រីRachelThompson បានបញ្ជាក់ប្រាប់ឯកឧត្តមរដ្ឋមន្ត្រីការងារ ថា ADB បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើផែនការអាទិភាពរបស់ខ្លួន ដើម្បីបន្តលើកកម្ពស់វិស័យការងារសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ភាគីADBលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងអរគុណADB ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមរៀងមក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236