CGCC និងធនាគារប្រ៊ីដ ចុះ MOU លើការធានាឥណទានដើម្បីសម្រួលកម្ចីចាំបាច់ដល់ MSMEs
Posted by -
Phoung Somphors
Published on -
13/2/2024 12:25 AM

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) និងធនាគារប្រ៊ីដ បានចុះកិច្ចសហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទានដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំ។

ការចុះផ្សាយរបស់CGCC កាលពីថ្ងៃ០៧ កុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ធនាគារប្រ៊ីដ ជាធនាគារពាណិជ្ជកម្ម ដែលគាំទ្រដល់ MSMEs ក្នុងស្រុក ហើយការសហការនេះ នឹងជួយដល់ដល់ធនាគារប្រ៊ីដឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCC ដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពលប៉ុន្តែខ្វះទ្រព្យធានានៅពេលស្នើសុំកម្ចីពីធនាគារ។

អគ្គនាយក CGCC លោក Wong Keet Loong បានលើកឡើងថា ភាពជាដៃគូជាមួយធនាគារប្រ៊ីដនឹងបើកផ្លូវថ្មីមួយទៀតក្នុងការគាំទ្រដល់ SMEs ដើម្បីទទួលបានកម្ចីនៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIsនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានាដោយសារតែ PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុនិងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។

ទន្ទឹមនឹងនេះ លោក Richard Liew នាយកប្រតិបត្តិធនាគារប្រ៊ីដក៏លើកឡើងក្នុងពិធីចុះ MOU នេះដែរថា SMEs មួយចំនួន តែងជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទានដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យMSMEs នូវលទ្ធភាពទទួលបានកម្ចីកាន់តែងាយស្រួលតាមរយៈការធានាឥណទានរបស់ CGCC ដែលជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ប្រាក់កម្ចីនិងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុនដែលនឹងបង្កើនលទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs ។

តាមរយៈកិច្ចព្រមព្រៀងនេះធនាគារប្រ៊ីដបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIs មួយ ក្នុងចំណោមPFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុកស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រ MSMEs ។

សូមជម្រាប់ផងដែរថា CGCC គឺជាសាជីវកម្មធានាឥណទានដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCCគឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្មដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចីនិងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236