កម្ពុជា នាំអង្គរចេញជាង៤.៦ម៉ឺនតោន ដែលមានតម្លៃជាង៣២លានដុល្លារ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
14/2/2024 12:02 AM

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ក្រុមហ៊ុន ទៅកាន់ប្រទេសគោលដៅចំនួន៤២។ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន២២ ដែលមានបរិមាណអង្ករចំនួន ២៥ ០០៥តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារ។

ក្នុងរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ពីការនាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៥ប្រទេសផងដែរ ដែលមានបរិមាណចំនួន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារ។ ចំពោះការនាំទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ បានចំនួន ៥ ១៧១តោន ស្មើនឹង ២.៩៣លានដុល្លារ និងទៅកាន់គោលដៅ១៣ផ្សេងទៀត ដូចជា អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ជាដើម បានចំនួន ៤ ០៤៦តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារ។

របាយការណ៍ដដែល ដែលចេញផ្សាយនៅថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងពីប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមានអង្ករក្រអូបចំនួន ៧៩.៣៣%, ប្រភេទអង្ករស ធម្មតា ១៤.៨៤%, អង្ករចំហ៊ុយ ៣.១៧ % និងអង្ករសរីរាង្គចំនួន ២.៦៦% ។

ក្រៅពីការនាំចេញអង្ក កម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១៨៤លានដុល្លារផងដែរ។ ក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

សូមជម្រប់ផងដែរថា ការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួនជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២៣ ដែលក្នុងនោះទីផ្សារសហគមន៍អឺរ៉ុបគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236