CDC កំពុងរៀបចំឯកសារទស្សនទានបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋាភិបាល
Posted by -
Phoung Somphors
Published on -
22/2/2024 10:19 PM

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល ដែលទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុនបានដឹកនាំក្រុមការងារអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើការរៀបចំឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមឱ្យមាន«តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន» នេះឡើងកាលដែលសម្តេចធ្វើដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីចុងឆ្នាំ២០២៣កន្លងទៅ។

គោលគំនិតដែលសម្តេចធិបតិ ហ៊ុន ម៉ណែត បង្កើត«តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន»នេះឡើង គឺនាអំឡុងពេលដែលសម្តេចធិបតី ធ្វើដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី១៥-១៩ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងគោលបំណងជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុនឱ្យងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ចំពោះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះផ្ទាល់។

ក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ មានការចូលរួមដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល,ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគ នៃក.អ.ក. , ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236