ឆ្នាំ២០២៣ គយនិងរដ្ឋាករកម្ពុជា រកចំណូលបានជិត២.៣ពាន់លានដុល្លារធ្លាក់ចុះជាង ១៥%
Posted by -
Phoung Somphors
Published on -
22/2/2024 10:19 PM

ភ្នំពេញ៖ គយនិងរដ្ឋាករកម្ពុជា រកចំណូលក្នុងឆ្នាំ២០២៣បានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨,២៧ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ១៥,៧%ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដមបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

បើតាមឯកឧត្ដមបណ្ឌិត គុណ ញឹម កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៤ គឺចំណូលពន្ធគយអាចសម្រេចបាន ៨២,៤%នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ការដែលមិនអាចសម្រេចតាមផែនការ បណ្តាលមកពីកត្តាប្រឈមធំៗមួយចំនួនជាពិសេស ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្តដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគរ, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី,ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញនិងជ្រកក្រោមរូបភាពថ្មីៗជាដើម។

បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថាអាករលើតម្លៃបន្ថែមមាន ៤១,២% នៃចំណូលសរុប, អាករពិសេសមាន ៣០,៣% នៃចំណូលសរុប, ពន្ធគយមាន ២១% នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន៤,៣% នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១,៨% នៃចំណូលសរុប។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា ក្រុមទំនិញចម្រុះមានមាន៣៥,៣% នៃចំណូលសរុប, យានយន្តនិងគ្រឿងចក្រមាន៣១,១% នៃចំណូលសរុប, ប្រេងឥន្ធនៈនិងថាមពលមាន២៦,៦% នៃចំណូលសរុប, និងសម្ភារសំណង់និងកម្រៃផ្សេងៗមាន៧% នៃចំណូលសរុប។

ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤ ១៨៣លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៥% ធៀបនឹងឆ្នាំ២០២២ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៨៥៨លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៨%ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានការថយចុះ ១៣,១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជាគ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល,ស្បែកសត្វកែច្នៃ, សំបកកង់រថយន្ត, ផលិតផលប្លាស្ទិច, គ្រឿងបន្លាស់រថយន្តនិងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២០%, និងកសិផលមានកំណើន២៤,៣%៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236