ស្ពានកាត់ទន្លេពី«ចាក់អង្រែក្រោម-ព្រែកប្រា» បើកការដ្ឋានផ្លូវការក្រោមកម្ចីពីរដ្ឋាភិបាលចិនជាង ៦០លានដុល្លារ
Posted by -
Phoung Somphors
Published on -
22/2/2024 10:19 PM

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមវត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ គម្រោងនេះ ប្រើរយៈពេល៤២ខែ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ជាមួយនឹងថវិកាចំណាយសរុបប្រមាណ ៦០,២លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាននេះ ប្រមុខរដ្ឋាភិបាល ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នឹងចូលរួមចំណែកគាំទ្រដល់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសធ្វើដំណើរខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ចក់ថា ស្ពាននេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតលើវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ពិសេស ការតភ្ជាប់ពីប៉ែកខាងកើត និងប៉ែកខាងលិចនៃរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងដែរថា ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) នឹងសាងសង់ជាប្រភេទស្ពានបេតុងភ្លោះ ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ស្ពានបេតុងភ្លោះនេះ មានទទឹងសរុប ២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ AC ហើយមានគម្លាតពីគ្នាកន្លះម៉ែត្រ។ ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅមហាវិថីសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

គម្រោងនេះ ក៏រួមបញ្ចូលនូវការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាង ចំនួន ៤កំណាត់ ប្រវែងសរុប ១៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន និងការរៀបចំបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236