«ស្ត្រី និងក្មេងស្រី ក្នុងបរិវិត្តកម្មឌីជីថល» ជាមូលបទដែលរដ្ឋាភិបាល រៀបចំសម្រាប់យុទ្ធនាការទិវាសិទ្ធនារីអន្តរជាតិ ៨មីនា
Posted by -
Phoung Somphors
Published on -
22/2/2024 10:19 PM

ភ្នំពេញ៖«ស្ត្រី និងក្មេងស្រី ក្នុងបរិវិត្តកម្មឌីជីថល» ជាមូលបទក្នុងឆ្នាំ២០២៤ នៃយុទ្ធនាការផ្សព្វផ្សាយក្នុងទិវាអន្តរជាតិនាទី ៨មីនា ខួបទី១១៣។ មូលបទដែលក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមគ្នាផ្សព្វផ្សាយនេះ ដើម្បីរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការកំណត់មូលបទសម្រាប់យុទ្ធនាការឆ្នាំនេះរបស់កម្ពុជា បានរៀបចំឡើងឆ្លើយតបនឹងបរិបទនៃ ការវិវត្តរបស់សង្គមក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។

នៅក្នុងយុទ្ធនាការនេះ នឹងដំណើរការទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយមានព្រះរាជសាររបស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, សារលិខិតអបអរសាទររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមផ្លូវការរបស់រដ្ឋនានា។ ជាពិសេស ដើម្បីកៀរគរដល់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ក្នុងយុគសម័យឌីជីថល ដើម្បីឈានទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

សូមរម្លឹកផងដែរថា៖ «យុទ្ធនាការទិវាអន្តរជាតិ ៨មីនា» គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ កម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ ជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236